នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃអាទិត្យ (១០ សីហា) ថា លោករំពឹងថានឹងសម្រេចចុងក្រោយលើយុទ្ធនាការវាយលុកយោធាថ្មីនៅដែនដីហ្កាហ្សា "យ៉ាងឆាប់រហ័ស" ខណៈសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាមទារជាថ្មីឱ្យបញ្ចប់ការរងទុក្ខវេទនានៅក្នុងតំបន់ហ៊ុព័ទ្ធប៉ាឡេស្ទីនមួយនេះ។

លោក Netanyahu បានប្រកាសគម្រោងយោធាថ្មីនេះ បន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានអនុម័តផែនការមួយដែលត្រូវបានរិះគន់យ៉ាងខ្លាំង ក្នុងបំណងគ្រប់គ្រងទីក្រុងហ្កាហ្សា ហើយនិយាយថា លោកពុំមានជម្រើសអ្វីក្រៅតែពី "បញ្ចប់ការងារ" និងកម្ចាត់ក្រុមហាម៉ាសនោះទេ ដើម្បីរំដោះចំណាប់ថ្នូរទាំងអស់ដែលត្រូវក្រុមប្រដាប់អាវុធនេះចាប់ខ្លួនពីទឹកដីអ៊ីស្រាអែល។
នៅព្រឹកថ្ងៃដដែលនោះ មេដឹកនាំអ៊ីស្រាអែលរូបនេះបាននិយាយថា ការវាយលុកថ្មីនៅតំបន់ហ្កាហ្សា មានបំណងកម្ទេចបន្ទាយរបស់ក្រុមហាម៉ាសដែលនៅសេសសល់ចំនួន ២កន្លែង ក្នុងអ្វីដែលលោកហៅថាជម្រើសតែមួយគត់ដោយសារតែការបដិសេធមិនព្រមទម្លាក់អាវុធរបស់ក្រុមប៉ាឡេស្ទីនមួយនេះ។ ក្រុមហាម៉ាសបានប្ដេជ្ញាថា ខ្លួននឹងមិនរំសាយអាវុធនោះឡើយ លុះត្រាតែមានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបានបង្កើតឡើង។
គេមិនច្បាស់ទេថានៅពេលណាដែលការវាយលុកថ្មីនោះកើតឡើង ដែលនឹងក្លាយជាការចាប់ផ្តើមនៃកិច្ចខិតខំទ្រង់ទ្រាយធំជាបន្តបន្ទាប់ដោយយោធាអ៊ីស្រាអែល ដើម្បីបោសសម្អាតពួកសកម្មប្រយុទ្ធចេញពីទីក្រុងហ្កាហ្សា៕

