មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបាន ព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថា ផែនការរបស់អ៊ីស្រាអែលក្នុងការដណ្តើមយកទីក្រុងហ្កាហ្សា បានប្រថុយនឹងគ្រោះមហន្តរាយមួយផ្សេងទៀត ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ជាមួយនឹងផលវិបាកដ៏ធំធេង ខណៈមនុស្ស ៥នាក់ទៀតក្នុងតំបន់ហ្កាហ្សាត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារការអត់ឃ្លាន ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២១៧ នាក់ រួមទាំងកុមារ១០០ នាក់។

ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកតំបន់អឺរ៉ុប អាស៊ីកណ្តាល និងអាមេរិក លោក Miroslav Jenca កាលពីថ្ងៃអាទិត្យ បានប្រាប់កិច្ចប្រជុំបន្ទាន់មួយកាលពីចុងសប្តាហ៍មុនថា ប្រសិនបើអនុវត្តផែនការនេះ អាចបណ្តាលឱ្យមានការផ្លាស់ទីលំនៅរបស់ជនស៊ីវិលទាំងអស់ពីទីក្រុង ហ្កាហ្សា ត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៥ដែលប៉ះពាល់ដល់មនុស្សប្រហែល៨០០.០០០នាក់ ហើយពួកគេភាគច្រើន ធ្លាប់បានភៀសខ្លួនចេញពីទីជម្រករួចហើយ។
លោកJenca និយាយថា នេះទំនងជានឹងបង្កឱ្យមានគ្រោះមហន្តរាយមួយផ្សេងទៀតនៅក្នុងតំបន់ហ្កាហ្សា ដែលនឹងកើតឡើងពាសពេញតំបន់ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅដោយបង្ខំ ការសម្លាប់ និងការបំផ្លិចបំផ្លាញបន្ថែមទៀត ដែលនាំឲ្យមានការរងទុក្ខវេទនាមិនអាចទ្រាំទ្របានរបស់ប្រជាជន។
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅអង្គការសហប្រជាជាតិ លោក Riyad Mansour បានប្រាប់ UNSC ថា អ៊ីស្រាអែលមានគោលបំណង បំផ្លិចបំផ្លាញប្រជាជនប៉ាឡេស្ទីន តាមរយៈការផ្ទេរដោយបង្ខំ និងការសម្លាប់រង្គាល ដើម្បីជួយសម្រួលដល់ដាក់ការបញ្ចូលទឹកដីរបស់យើង។មហាអំណាចបរទេសជាច្រើន រួមទាំងសម្ព័ន្ធមិត្តមួយចំនួនរបស់អ៊ីស្រាអែល បានរិះគន់ផែនការរបស់អ៊ីស្រាអែល។ ចក្រភពអង់គ្លេស ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល ដែលទោះជាបានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់មួយស្តីពីវិបត្តិនោះ យ៉ាងណាក្ដី បានព្រមានថា ផែនការរបស់អ៊ីស្រាអែលនឹងប្រឈមការអូសបន្លាយជម្លោះ៕

