រដ្ឋាភិបាលហៃទី បានប្រកាសកាលពីថ្ងៃសៅរ៍ (៩ សីហា) ថា ខ្លួនកំពុងអនុវត្តវិធានកាគ្រាអាសន្នរយៈពេល ៣ខែ នៅក្នុងតំបន់ភាគកណ្តាលរបស់ប្រទេសនេះ ខណៈអំពើហិង្សាដ៏បង្ហូរឈាមរបស់ក្រុមជនអន្ធពាលបានកើនឡើងឥតឈប់ឈរ។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល វិធានការគ្រាអាសន្ននេះនឹងគ្របដណ្តប់ផ្នែកខាងលិច Artibonite និងតំបនភាគកណ្ដាលរបស់ហៃទី "ដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងអសន្តិសុខ និងឆ្លើយតបទៅនឹងវិបត្តិកសិកម្ម និងស្បៀងអាហារ"។
តំបន់នោះ ដែលត្រូវគេស្គាល់ថាជាជម្រុកស្រូវរបស់ប្រទេសហៃទី បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុមជនអន្ធពាលបានកាប់សម្លាប់កសិករ ឬបង្ខំពួកគេឱ្យបោះបង់ចោលវាលស្រែ ដោយសារសហគមន៍ក្បែរនោះត្រូវរងការបំផ្លិចបំផ្លាញ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ចុងខែមិថុនា ឆ្នាំ២០២៥ មនុស្សជាង ១.០០០នាក់ ត្រូវបានសម្លាប់ ហើយជាង ២០០នាក់បានរងរបួស និងមនុស្ស ៦២០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Artibonite និងភាគកណ្តាល រួមទាំងតំបន់ក្បែរនោះ។
អំពើហិង្សាក្រុមជនអន្ធពាលក៏បានធ្វើឱ្យមនុស្សជាង ២៣៩.០០០នាក់ រត់ភៀសខ្លួននៅតំបន់កណ្តាលនៃប្រទេសហៃទីផងដែរ នេះបើយោងតាមអង្គការសហប្រជាជាតិកាលពីចុងខែមេសា ឆ្នាំ២០២៥ ដោយមនុស្សម្នាបានដើរ និងហែលឆ្លងទន្លេដ៏ធំរបស់ប្រទេសនេះ ក្នុងការប៉ុនប៉ងទាំងអស់សង្ឃឹមដើម្បីគេចចេញពីអំពើហិង្សា៕

