យោងតាមអាជ្ញាធរបានឱ្យដឹងថា អ្នកដើរធម្មយាត្រានិកាយស៊ីអ៊ីតជាង៦០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដោយមានបញ្ហាផ្លូវដង្ហើម បន្ទាប់ពីស្រូបឧស្ម័នក្លរីនបណ្តាលមកពីការលេចធ្លាយនៅស្ថានីយ៍ប្រព្រឹត្តិកម្មទឹក។

ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីពេលយប់នៅលើផ្លូវរវាងទីក្រុងដ៏ពិសិដ្ឋចំនួន២របស់ក្រុមនិកាយស៊ីអ៊ីត គឺទីក្រុង Najaf និងទីក្រុង Karbala នៅប្រទេសអ៊ីរ៉ាក់ភាគកណ្តាលនិងភាគខាងត្បូង។ នៅឆ្នាំនេះ អ្នកធ្វើធម្មយាត្រាមូស្លីមនីកាយស៊ីអ៊ីតជាច្រើនលាននាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុង Karbala។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយថា «ករណីថប់ដង្ហើមចំនួន៦២១ករណី ត្រូវបានកត់ត្រាបន្ទាប់ពីការលេចធ្លាយឧស្ម័នក្លរីននៅទីក្រុង Karbala ។
ក្រសួងបាននិយាយបន្ថែមថា «អ្នកទាំងអស់នោះ បានទទួលការថែទាំចាំបាច់ ហើយបានចាកចេញពីមន្ទីរពេទ្យដោយសុខភាពល្អឡើងវិញ»។ កងកម្លាំងសន្តិសុខបាននិយាយថា ឧបទ្ទវហេតុនេះត្រូវបានបង្កឡើងដោយ «ការលេចធ្លាយសារធាតុក្លរីនចេញពីស្ថានីយ៍ប្រព្រឹត្តិកម្មទឹក» ។
ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសអ៊ីរ៉ាក់ ស្ថិតក្នុងសភាពទ្រុឌទ្រោមដោយសារតែសង្គ្រាម ជម្លោះផ្ទៃក្នុង និងអំពើពុករលួយជាច្រើនទសវត្សរ៍មកនេះ ដោយការប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាពមានចំណុចខ្វះខាតជាញឹកញាប់។