នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានបន្តអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលីនៅសមរភូមិមុខក្នុងបុព្វហេតុការពារបូរណភាពទឹកដីកន្លងទៅនៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលមានទីតាំងស្ថិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។
ក្នុងដំណើរអញ្ជើញចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលីនាថ្ងៃនេះ មានចំនួន៣គោលដៅ៖ គោលដៅទី១៖ គ្រួសារសព លោក អនុសេនីយ៍ត្រី សំរិទ្ធ ព្រី ស្ថិតនៅក្នុងភូមិគោក ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង, គោលដៅទី២៖ គ្រួសារសព លោក អនុសេនីយ៍ទោ មឿន សាម៉េត ស្ថិតនៅភូមិដូនទុង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, និង គោលដៅទី៣៖ គ្រួសារសព លោកព្រិន្ទបាលឯក តែម សុខជា ស្ថិតនៅក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
លោកជំទាវបណ្ឌិតក៏បានថ្លែងទៅកាន់ក្រុមគ្រួសារយោធិនពលី អំពីវីរភាពនៃការលះបង់ និងបេសកកម្មក្នុងការការពារជាតិ និងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសមហាគ្រួសារខ្មែរដឹងគុណ និងចងចាំគុណូបការគ្មានថ្ងៃបំភ្លេចបានសម្រាប់ជាតិយើង។ សូមឱ្យវិញាណក្ខន្ធយោធិនពលី បានទៅកាន់ទីស្ងប់សុខ និងសុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។
ព្រមជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ចារឹកទុកជាការចងចាំជារៀងរហូតសម្រាប់ជាតិ និងជាការដឹងគុណដល់វីរភាពមិនអាចកាត់ថ្លៃបានចំពោះការពលីលើសមរភូមិមុខក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងដែនអធិបតេយ្យភាពកម្ពុជា។ លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារយុទ្ធជនពលីដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង ក្រោយពីបាត់បង់បង្គោលគ្រួសារផងដែរ៕
















