រូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាព នៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Sweida ភាគខាងត្បូងប្រទេសស៊ីរី ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បង្ហាញពីអ្វីដែលហាក់ដូចជាការសម្លាប់បុគ្គលិកពេទ្យដោយបុរសស្លៀកសម្លៀកបំពាក់យោធា។

វីដេអូដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ Suwayda 24 ត្រូវបានចុះថ្ងៃទី ១៦ ខែកក្កដា ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងកងជីវពលនៃសហគមន៍ជនជាតិភាគតិច Druze និងក្រុមកុលសម្ព័ន្ធប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាល។

នៅក្នុងវីដេអូដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរនោះ មនុស្សមួយក្រុមធំ នៅក្នុងក្រុមការងារជួយសង្គ្រោះបន្ទាន់ អាចត្រូវបានគេឃើញលុតជង្គង់ នៅលើឥដ្ឋនៅចំពោះមុខក្រុមបុរសប្រដាប់អាវុធ។ ក្រុមប្រដាប់អាវុធនោះ ចាប់បុរសម្នាក់ហើយវាយចំក្បាល នៅពេលពួកកំពុង ចាប់គាត់។ បុរសនោះ ព្យាយាមទប់ទល់ដោយបោកចំបាប់ជាមួយខ្មាន់កាំភ្លើងម្នាក់ មុនពេលដែលបុរសនេះ ត្រូវបានបាញ់មួយគ្រាប់ ដោយកាំភ្លើងវែង និងបន្ទាប់មកមនុស្សម្នាក់ទៀត ត្រូវបានបាញ់ដោយកាំភ្លើងខ្លី។
បុរសម្នាក់ស្លៀកពាក់ឈុតអាវខ្មៅដែលសរសេរថា «កងកម្លាំងសន្តិសុខផ្ទៃក្នុង» ហាក់ដូចជាកំពុងដឹកនាំក្រុមបុរសប្រដាប់អាវុធបិទមុខ ចូលក្នុងមន្ទីរពេទ្យនោះ។
កាមេរ៉ាសុវត្ថិភាពមួយគ្រឿងទៀត បង្ហាញឲ្យឃើញរថក្រោះមួយគ្រឿង ដែលចតនៅខាងក្រៅមន្ទីរពេទ្យនោះ។