ក្រុមមេដឹកនាំអឺរ៉ុប បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ជួបពិភាក្សាជាមួយរុស្ស៊ី «ក្រោមបទឈប់បាញ់មួយប៉ុណ្ណោះ» និង «ការពារផលប្រយោជន៍សន្តិសុខដ៏សំខាន់របស់អ៊ុយក្រែន និងអឺរ៉ុប» នេះបើយោងតាមសេចក្តីប្រកាសរួមរបស់ប្រធានគណៈកម្មការអឺរ៉ុប និងមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី ប៉ូឡូញ ហ្វាំងឡង់ និងចក្រភពអង់គ្លេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប។ ចំណងជើងនៃឯកសារនេះ បញ្ជាក់ថា ការការពារផលប្រយោជន៍នេះ គួរតែត្រូវបានអនុម័ត នៅមុនជំនួបដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា៖«យើងចែករំលែកការជឿជាក់ដែលថា ដំណោះស្រាយការទូត ត្រូវតែការពារផលប្រយោជន៍សន្តិសុខដ៏សំខាន់របស់អ៊ុយក្រែន និងអឺរ៉ុប។ យើងយល់ស្របថា ផលប្រយោជន៍សំខាន់ៗទាំងនេះ រួមមានតម្រូវការសម្រាប់ការធានាសន្តិសុខដ៏រឹងមាំ និងគួរឲ្យជឿជាក់ ដែលអាចឲ្យអ៊ុយក្រែនការពារប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន»។
មេដឹកនាំទាំងនោះ បាននិយាយថា៖«ពួកគេនៅតែប្តេជ្ញាចិត្តចំពោះគោលការណ៍ដែលព្រំដែនអន្តរជាតិ មិនត្រូវផ្លាស់ប្តូរដោយកម្លាំង» ហើយបានបន្ថែមថា «គោលការណ៍ទំនាក់ទំនងបច្ចុប្បន្ន គួរតែជាចំណុច ចាប់ផ្តើមនៃការចរចា»។
ក្រុមមេដឹកនាំអឺរ៉ុប បានសម្តែងទស្សនៈថា គោលការណ៍ទំនាក់ទំនងបច្ចុប្បន្នក្នុងប្រទេសអ៊ុយក្រែន គួរតែជាចំណុចចាប់ផ្តើមសម្រាប់ការចរចាលើទឹកដី។ ពួកគេបានស្វាគមន៍ជាថ្មីម្តងទៀតនូវគំនិតផ្តួចផ្តើមការទូតរបស់លោក ត្រាំ ប៉ុន្តែបានសម្តែងនូវទស្សនៈថា កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះ គួរតែរួមបញ្ចូលគ្នានូវការទូតសកម្ម ការគាំទ្រសម្រាប់អ៊ុយក្រែន និងដាក់សម្ពាធលើប្រទេសរុស្ស៊ី។