ប្រធានាធិបតីស្លូវ៉ាគី លោក Peter Pellegrini បាននិយាយថា ជំនួបរវាងប្រធានាធិបតីរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលត្រូវបានរំពឹងថា នឹងធ្វើឡើងនៅរដ្ឋអាឡាស្កា (Alaska) នៅថ្ងៃទី ១៥ ខែសីហា បង្ហាញពីចំណុចរបត់នៃផ្លូវមួយឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន TASR បានដកស្រង់សម្តីលោកដែលបាននិយាយថា៖«នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយដែលនាំទៅរកសន្តិភាព ក្នុងប្រទេសអ៊ុយក្រែន។ កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី អាចនឹងក្លាយទៅជាពេលវេលាដ៏សំខាន់មួយ នៅក្នុងកិច្ចចរចាស្តីពីការបន្ធូរបន្ថយ អរិភាព។

យោងតាមលោកប្រធានាធិបតីស្លូវ៉ាគី កិច្ចពិភាក្សារវាងរុស្ស៊ី និងអ៊ុយក្រែន គួរតែត្រូវបានធ្វើឡើងឲ្យបានហ្មត់ចត់ តាមដែលអាចធ្វើទៅបាន ដោយមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចូលរួម។ លោកបានបញ្ជាក់ថា៖«សន្តិសុខរបស់អឺរ៉ុប កំពុងស្ថិតក្រោមគ្រោះថ្នាក់ នាពេលបច្ចុប្បន្ននេះ។ ប្រទេសទាំងអស់ រួមទាំងរុស្ស៊ី ត្រូវតែចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព [នៅក្នុងទ្វីបនេះ]»។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា វានឹងពិតជាមានការលំបាកខ្លាំងណាស់សម្រាប់ ភាគីជម្លោះនៅអ៊ុយក្រែន ក្នុងការឈានដល់ដំណោះស្រាយសម្របសម្រួល ហើយកិច្ចប្រជុំកំពូលរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនេះ អាចជាមូលដ្ឋានសម្រាប់ការបន្ធូរបន្ថយភាពតានតឹងទំនាក់ទំនងអន្តរជាតិ។