ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យបានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាលើជនស៊ីវិលនៅក្នុងទីក្រុង Sweida ជាទីក្រុងដែលមានជនជាតិភាគតិចDruze ច្រើនលើសលុបនៅភាគខាងត្បូងប្រទេសស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមប្រឹក្សាសន្តិសុខបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងអំពើហិង្សានាពេលថ្មីៗនេះនៅក្នុងទីក្រុង Sweida ចាប់តាំងពីថ្ងៃទី១២ ខែកក្កដា រួមមានការសម្លាប់រង្គាល និងការជម្លៀសប្រជាជននៅខាងក្នុងប្រទេស។ ក្រុមប្រឹក្សាបានជំរុញឱ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវការរៀបចំបទឈប់បាញ់ និងការពារជនស៊ីវិលដោយមិនគិតពីជាតិសាសន៍ ឬសាសនារបស់ពួកគេ។
ដោយស្វាគមន៍ការស៊ើបអង្កេតធ្វើឡើងដោយអាជ្ញាធរបណ្តោះអាសន្នរបស់ប្រទេសស៊ីរី ក្រុមប្រឹក្សាបាននិយាយថា ពួកគេគួរតែមានភាពជឿជាក់ រហ័ស តម្លាភាព មិនលំអៀង និងគ្រប់ជ្រុងជ្រោយស្របតាមស្តង់ដារអន្តរជាតិ ដែលធានាបាននូវការទទួលខុសត្រូវ និងនាំអ្នកប្រព្រឹត្តអំពើហិង្សាទាំងអស់ទៅកាន់តុលាការ។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាបានបញ្ជាក់ពីការជំទាស់យ៉ាងខ្លាំងចំពោះគ្រប់រូបភាពនៃការជ្រៀតជ្រែកអវិជ្ជមាន ឬការបំផ្លាញក្នុងការផ្លាស់ប្តូរនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសស៊ីរី។