ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍។
ការអំពាវនាវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាធ្វើឡើងក្នុងពេលអញ្ជើញទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកានៃរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ការផ្អាកសង្គម និងសេដ្ឋកិច្ចរបស់សកលលោក ក៏ដូចជាប្រទេសកម្ពុជានាពេលកន្លងមក ពិតជាបានបង្កការលំបាកទំាងក្នុងការរស់នៅ និងជីវភាព ដូចនេះដើម្បីជៀសផុតពីការលំបាកទំាងនោះម្តងទៀត សូមជនរួមជាតិចូលរួមចាក់វ៉ាក់សំាងនិងអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ និងគ្រប់ៗគ្នា មិនត្រូវធ្វេសប្រហែសឡើយ។ សម្តេចប្រធានរដ្ឋសភា បន្តថា មានតែការចូលរួមរបស់បងប្អូនជនជាតិគ្រប់គ្នាប៉ុណ្ណោះទើបគ្រួសារ និងសង្គមជាតិអាចឈ្នះនឹងជំងឺកូវីដ-១៩បាន។
នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សំាងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារជំងឺកូវីដ-១៩ ពិសេសទប់ស្កាត់វីរុសបំប្លែងថ្មីអូមីក្រុងបញ្ចៀសពីកាឆ្លងរីករាលដាលក្នុងសង្គមជាតិ។
បន្ថែមលើសពីនេះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ទោះបីបងប្អូនប្រជាពលរដ្ឋបានចាក់វ៉ាក់សំាងដូសជំរុញ ឬដូសទី៣ និងទី៤ហើយយ៉ាងណាក្តី សូមបន្តអនុវត្តវិធានការសុខាភិបាល “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទើបអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះមិនឲ្យរីករាលដាលនៅក្នុងសង្គមជាតិបានសារជាថ្មីបាន។
ឯកឧត្តម ម៉ា ឈឿន និងឯកឧត្តម ឈាង វុន សមាជិករដ្ឋសភា បានចាត់ទុកវ៉ាក់សាំងដូសជំរុញនេះជាមធ្យោបាយសំខាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ និងធានាសេដ្ឋកិច្ចជាតិផងដែរ។
នាឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សំាងបានយ៉ាងជោគជ័យរហូតអាចឈានដល់ការបើកសង្គម និងសេដ្ឋកិច្ចបានឡើងវិញ៕ អត្ថបទ៖ សេក ឧត្តម