តម្លៃប្រេងបានកើនឡើងក្នុងថ្ងៃអង្គារ (១២ សីហា) បន្ទាប់ពីការធ្លាក់ចុះមួយថ្ងៃមុននោះ ខណៈសហរដ្ឋអាមេរិក និងចិន បានសម្រេចបន្តកិច្ចព្រមព្រៀងផ្អាកការដំឡើងពន្ធខ្ពស់ៗរវាងគ្នាទៅមក ដោយបន្ធូរបន្ថយក្ដីបារម្ភថា ការកើនឡើងវិញនៃសង្រ្គាមពាណិជ្ជកម្មរបស់ភាគីទាំងពីរ នឹងរំខានដល់សេដ្ឋកិច្ចសកល និងកាត់បន្ថយតម្រូវការប្រេងឥន្ធនៈនៅក្នុងប្រទេសប្រើប្រាស់ប្រេងធំបំផុតទាំងពីររបស់ពិភពលោក។

ភាគហ៊ុនប្រេងឆៅរបស់ Brent បានកើនឡើង ២៦សេន ឬ ០,៣៩% ដល់តម្លៃ ៦៦,៨៩ដុល្លារ ក្នុងមួយបារ៉ែលត្រឹមម៉ោងសកល ០០:១៥នាទី ឈានចូលថ្ងៃអង្គារនេះ ខណៈពេលដែលហ៊ុនប្រេងឆៅរបស់អាមេរិក WTI ក៏បានកើនឡើង ២២សេន ឬ ០,៣៤% ដល់តម្លៃ ៦៤,១៨ដុល្លារ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកបានចុះហត្ថលេខាលើក្រឹត្យដែលផ្អាកការដំឡើងពន្ធខ្ពស់នោះរហូតថ្ងៃទី១០ ខែវិច្ឆិកា ជាមួយនឹងធាតុផ្សំផ្សេងទៀតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដោះអាសន្នជាមួយចិន នៅរក្សាដដែល។ ចំណែកក្រសួងពាណិជ្ជកម្មចិន ក៏បានប្រកាសពន្យារពេលពន្ធ ៩០ថ្ងៃដូចគ្នានេះ។
ទាំងនេះបានបង្កើនក្តីសង្ឃឹមថា កិច្ចព្រមព្រៀងផ្លូវការមួយអាចត្រូវបានសម្រេចរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ហើយអាចជួយទប់ស្កាត់របាំងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ គួរឱ្យដឹងថា ពន្ធគយប្រថុយនឹងការបន្ថយល្បឿនកំណើនសេដ្ឋកិច្ច ដែលអាចបន្ទាបតម្រូវការប្រេងពិភពលោក និងអូសទាញតម្លៃប្រេងឱ្យធ្លាក់ទាប៕