ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទ (១១ សីហា) ថា រុស្ស៊ីកំពុងរៀបចំកងទ័ពរបស់ខ្លួនសម្រាប់ការវាយលុកថ្មី ជំនួសឱ្យការត្រៀមខ្លួនដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ហើយមិនបង្ហាញសញ្ញាថាកំពុងរៀបចំឱ្យមានសន្តិភាពនោះទេ បន្ទាប់ពីលោកបានពិភាក្សាជាមួយមេដឹកនាំឥណ្ឌា និងអារ៉ាប៊ីសាអ៊ូឌីត ជាផ្នែកនៃកិច្ចខិតខំប្រមូលការគាំទ្រសម្រាប់ទីក្រុងគីវ លើសពីទ្វីបអឺរ៉ុប។

លោក Zelenskiy មានការគាំទ្រផ្នែកការទូតពីអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូ ស្របពេលការភ័យខ្លាចថា មេដឹកនាំសហរដ្ឋអាមេរិក និងរុស្ស៊ី អាចព្យាយាមកំណត់លក្ខខណ្ឌមិនល្អសម្រាប់អ៊ុយក្រែន សម្រាប់ការបញ្ចប់សង្គ្រាមជាច្រើនឆ្នាំមកនេះ អំឡុងជំនួបកំពូលនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងរដ្ឋអាឡាស្កា។

ថ្លែងក្នុងសុន្ទរកថាមួយយប់របស់ខ្លួន លោក Zelenskiy បាននិយាយថា "មានរបាយការណ៍ពីចារកម្ម និងបញ្ជាការយោធាអំពីអ្វីដែលលោក Putin កំពុងរំពឹងទុក និងអ្វីដែលលោកកំពុងរៀបចំជាក់ស្តែង ជាពិសេសការត្រៀមលក្ខណៈយោធា ហើយលោកពិតជាមិនបានត្រៀមខ្លួនសម្រាប់បទឈប់បាញ់ និងការបញ្ចប់សង្រ្គាមឡើយ"។

លោក Zelenskiy បានបន្តថា "រុស្ស៊ីកំពុងចល័តកងទ័ពរបស់ខ្លួនសម្រាប់ប្រតិបត្តិការថ្មីនៅលើទឹកដីអ៊ុយក្រែន" ដោយមិនបានផ្តល់ព័ត៌មានជាក់លាក់ណាមួយទេ។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា “មិនមានសញ្ញាណាមួយដែលថា រុស្ស៊ីបានត្រៀមខ្លួនសម្រាប់ស្ថានការណ៍ក្រោយសង្គ្រាមនោះឡើយ"៕