នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក លោក Anwar Ibrahim បានលើកឡើងនៅថ្ងៃអង្គារ (១២ សីហា) នេះថា ប្រទេសម៉ាឡេស៊ី បង់ក្លាដែស និងដៃគូមួយចំនួនក្នុងតំបន់ នឹងបញ្ជូនគណៈប្រតិភូរួមមួយទៅកាន់សហភាពមីយ៉ាន់ម៉ា ដើម្បីជំរុញឱ្យមានសន្តិភាព និងជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

បង់ក្លាដែស បានផ្តល់ជម្រកដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១លាននាក់ ក្នុងជំរំនានានៅសង្កាត់ Cox's Bazar ភាគអាគ្នេយ៍របស់ខ្លួន ដែលជាទីតាំងលំនៅជនភៀសខ្លួនធំបំផុតរបស់ពិភពលោក។ ការអត្ថាធិប្បាយរបស់លោក Anwar នេះបានធ្វើឡើងនៅដើមទស្សនកិច្ច ៣ថ្ងៃរបស់ប្រមុខបណ្តោះអាសន្នរបស់បង់ក្លាដែស គឺលោក Muhammad Yunus ទៅកាន់ម៉ាឡេស៊ី។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួម លោក Anwar បាននិយាយថា "ជាការពិតណាស់ ការទទួលបានសន្តិភាពនៅមីយ៉ាន់ម៉ា គឺជាអាទិភាពដ៏ធំធេងមួយ រួមជាមួយនឹងជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់អ្នករងទុក្ខ ជនភៀសខ្លួន និងជនរងគ្រោះដោយសារការរញ្ជួយដី"។
លោក Anwar ដែលជាប្រធានប្ដូរវេននៃប្លុកអាស៊ាននៅឆ្នាំនេះ បានបន្ថែមថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នឹងសម្របសម្រួលបេសកកម្មមីយ៉ាន់ម៉ាមួយនេះ ដែលត្រៀមធ្វើឡើងក្នុងសប្តាហ៍ខាងមុខ រួមជាមួយនឹងប្រទេសក្នុងតំបន់មួយចំនួនទៀត៕

