ព្រឹត្តិបត្ររបស់រដ្ឋាភិបាលប្រេស៊ីល បាននិយាយថា ប្រទេសនេះ និងរុស្ស៊ី បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បន្ទាប់ពីសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនអាចដាក់ទណ្ឌកម្មបន្ទាប់បន្សំ ឬយកពន្ធគយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងមូស្គូ។
ឯកសារនេះ បានបញ្ជាក់ថា៖«អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងសម្របសម្រួល ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយបង្កើតកិច្ចពិភាក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុទ្វេភាគី យ៉ាងទៀងទាត់»។
នាពេលមុននេះ រដ្ឋបាលអាមេរិក បាននិយាយថា ខ្លួនអាចអនុវត្តទាំងទណ្ឌកម្មបន្ទាប់បន្សំ និងពន្ធគយបន្ថែមប្រឆាំងនឹងប្រទេសដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី។
ឯកសារនេះ ក៏បានលើកឡើងផងដែរថា ភាគីនានា នឹងរៀបចំគណៈកម្មការជំនាញ និងក្រុមប្រឹក្សា ដើម្បីគូសបញ្ជាក់ពីជំហានបន្ថែមទៀតឆ្ពោះទៅរកការពង្រឹងភាពជាដៃគូរបស់ពួកគេ។ ក្រៅពីនោះ រុស្ស៊ី និងប្រេស៊ីល បានយល់ព្រមជួយសម្រួលការងាររបស់គណៈកម្មការជាន់ខ្ពស់ទ្វេភាគី លើកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនង ក្នុងទម្រង់ BRICS និង G20។
ការចរចាកម្រិតខ្ពស់រវាងរុស្ស៊ី និងប្រេស៊ីល បានធ្វើឡើងនៅវិមានក្រឹមឡាំង កាលពីថ្ងៃទី០៩ ខែឧសភា។ ប្រធានាធិបតីប្រេស៊ីលលោក Luis Inacio Lula da Silva បាននិយាយថា រដ្ឋាភិបាលរបស់លោកចង់បង្កើនភាពជាដៃគូយុទ្ធសាស្ត្រជាមួយទីក្រុងមូស្គូ ដោយគូសបញ្ជាក់អំពីវប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលជាវិស័យអាទិភាព។ ម្យ៉ាងទៀត ប្រទេសប្រេស៊ីល ចង់អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ជាមួយរុស្ស៊ីក្នុងវិស័យការពារជាតិ និងស្រាវជ្រាវអវកាស។