អំឡុងរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden យោធាសហរដ្ឋអាមេរិក បានអនុវត្តជាបន្តបន្ទាប់នូវទម្លាក់អាហារតាមអាកាសចូលទៅក្នុងតំបន់ហ្កាហ្សា ដោយផ្តល់ជំនួយប្រមាណជា ១.២២០តោន។
ប៉ុន្តែមន្ត្រីអាមេរិក និងប្រភពផ្សេងទៀត បានប្រាប់ឲ្យដឹងថា ជម្រើសនេះ មិនត្រូវបានយកមកពិចារណាឲ្យបានប្រាកដប្រជាពីសំណាក់រដ្ឋបាលរបស់លោក Donald Trump ឡើយ បើទោះបីជាលោកបានសម្តែងនូវក្ដីបារម្ភ អំពីភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលមានយុទ្ធនាការយោធាជិត ២ឆ្នាំរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសក៏ដោយ។

ប្រភពមួយបានប្រាប់ថា ការធ្វើបែបនោះត្រូវបានមើលឃើញថា ជាជម្រើសមិនប្រាកដប្រជា ព្រោះការទម្លាក់ពីលើអាកាសនោះ នឹងមិនបំពេញតម្រូវការរបស់ប្រជាជនប៉ាឡេស្ទីន ២,១លាននាក់នោះទេ។ ការមិនអនុវត្តនេះនៅតែមានដដែល បើទោះបីជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក រួមមានហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម និងអង់គ្លេស បានទម្លាក់ជំនួយតាមអាកាស នៅតំបន់ហ្កាហ្សាក៏ដោយ។
គួរបញ្ជាក់ថា ក្រុមជំនួយមនុស្សធម៌ បានរិះគន់ជាយូរយារណាស់មកហើយ ជុំវិញការទម្លាក់ជំនួយតាមអាកាស ដោយចាត់ទុកការធ្វើបែបនេះថា ជានិមិត្តរូបជាងប្រសិទ្ធភាពពិតប្រាកដ នៅពេលដែលទំហំនៃតម្រូវការ នៅក្នុងតំបន់ហ្កាហ្សា ទាមទារឲ្យបើកផ្លូវដីគោក ដើម្បីឲ្យជំនួយក្នុងចំនួនដ៏ច្រើនអាចចូលទៅក្នុងតំបន់នោះបាន៕


