យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនយ៉ាងហោច ៨៩នាក់ រួមទាំងក្រុមអ្នកស្វែងរកជំនួយ ៣១នាក់ផងដែរ ត្រូវបានសម្លាប់ និងមនុស្ស ៥១៣នាក់ផ្សេងទៀត បានរងរបួសអំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅទូទំាងតំបន់ហ្កាហ្សាស្រ្ទីប ។
ស្របពេលដែលអ៊ីស្រាអែលបន្តវាយប្រហារតំបន់ហ្កាហ្សា ជនប៉ាឡេស្ទីន ៥នាក់បន្ថែមទៀត រួមទាំងកុមារ ២នាក់ បានដាច់ពោះស្លាប់នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារភាពអត់ឃ្លានកើនឡើងសរុប ២២៧នាក់ ក្នុងនោះរួមទាំងកុមារ ១០៣នាក់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង នៅតំបន់ហ្កាហ្សា ។
ក្រុមអ្នកសារព័ត៌មាននៅតំបន់ហ្កាហ្សា និយាយថា ពួកគេនៅតែបន្តផ្សព្វផ្សាយសង្រ្គាម បើទោះបីជាកើតមានរលកនៃទុក្ខព្រួយ និងការព្រួយបារម្ភ ជុំវិញការសម្លាប់អ្នកសារព័ត៌មាន Anas al-Sharif របស់កាសែត Al Jazeera និងអ្នកសារព័ត៌មាន ៥នាក់ផ្សេងទៀតក៏ដោយ ។
លោក Hind Khoudary គឺជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Al Jazeera មកពីជំរំ Deir el-Balah និយាយថា លោកមិនដឹងថា ត្រូវស្វែងកម្លាំងដើម្បីបន្តការងារបែបណានោះទេ ប៉ុន្តែពួកយើងត្រូវការបន្តការងាររបស់ពួកយើង ហើយបន្តផ្សព្វផ្សាយពីសង្រ្គាមរបស់ពួកយើង ។
យោងតាមសចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Wafa បានឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល បានបន្តវាយប្រហារតំបន់ហ្កាហ្សានៅថ្ងៃនេះ ជាពិសេសនៅទីក្រុង Khan Younis និងទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្ស ៤៨នាក់ រួមទាំងស្រ្តី និងកុមារផងដែរ ៕