ជនប៉ាឡេស្ទីននៅមន្ទីរពេទ្យ Al-Ahli Arab ស្ថិតក្នុងទីក្រុងហ្កាហ្សានៅថ្ងៃអង្គារនេះ បានធ្វើពិធីលាគ្នាជាលើកចុងក្រោយទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់កន្លង ។
ក្រុមសាក្សី និងក្រុមគ្រូពេទ្យបឋម និយាយថា យន្តហោះ និងរថក្រោះអ៊ីស្រាអែល បានវាយប្រហារស្រុកភាគខាងកើតទីក្រុងហ្កាហ្សាជាថ្មីម្តងទៀតកាលពីយប់កន្លងទៅ ដោយបានសម្លាប់មនសុ្ស ៧នាក់នៅក្នុងផ្ទះ ២ខ្នង ស្ថិតក្នុងតំបន់ជាយក្រុង Zeitoun និងមនុស្ស ៤នាក់ នៅក្នុងអគារផ្ទះល្វែង ស្ថិតនៅកណ្តាលទីក្រុង ។
យោធាអ៊ីស្រាអែល និយាយថា ពួកគេកំពុងពិនិត្យមើលសេចក្តីរាយការណ៍នេះ ហើយពួកគេនិយាយថា កងកម្លាំងរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល ។
សង្រ្គាមហ្គាហ្សា បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ពេលដែលក្រុមជីវពលហាម៉ាស់ វាយប្រហារឆ្លងកាត់ព្រំដែនចូលទៅកាន់តំបន់ភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនសុ្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ ។
ការវាយប្រហារតាមជើកគោក និងច្រកអាកាសរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ចាប់តាំងពីពេលនោះមក បានសម្លាប់មនុស្សជាង ៦១.០០០នាក់ ៕