នៅថ្ងៃអង្គារនេះ ប្រទេសហ៊្សកដានី បានរៀបចំជំនួបមួយជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិក និងក្រុមមន្រ្តីស៊ីរី ដើម្បីពិភាក្សាលើការគាំទ្រការកសាងប្រទេសស៊ីរីឡើងវិញ ក្រោយជម្លោះរយៈពេលជាង ១ទសវត្សរ៍ ហើយនិងការផ្តួលរំលំរបបរបស់លោកអតីតប្រធានាធិបតី Bashar al-Assad ដោយក្រុមបះបោរដឹកនាំដោយអ៊ិស្លាម កាលពីខែធ្នូកន្លងទៅ ។
រដ្ឋមន្រ្តីការបរទេសស៊ីរីលោក Asaad al-Shibani និងប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចំានៅប្រទេសស៊ីរីលោក Thomas Barrack បានចូលរួមជំនួបមួយនេះ ដែលបានរៀបចំឡើងនៅក្នុងទីក្រុង Amman ។
កាលពីថ្ងៃពុធសប្តាហ៍មុន ទីក្រុងដាម៉ាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១២ ដែលមានតម្លៃ ១៤ពាន់លានដុល្លារ រួមទាំងកិច្ចព្រមព្រៀងតម្លៃ ៤ពាន់លានដុល្លារជាមួយក្រុមហ៊ុន UCC របស់ប្រទេសកាតា ដើម្បីសាងសង់អាកាសយានដ្ឋានថ្មី និងកិច្ចព្រមព្រៀងតម្លៃ ២ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវរថភ្លើងក្រោមដី នៅក្នុងរដ្ឋធានីស៊ីរី ជាមួយក្រុមហ៊ុនវិនិយោគទុនជាតិអារ៉ាប់រួម ៕