យោងតាមទិន្នន័យសេដ្ឋកិច្ចសំខាន់ៗដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (១២ សីហា) បានបង្ហាញថា តម្លៃទំនិញនៅក្នុងសហរដ្ឋអាមេរិក បានបន្តកើនឡើងនៅក្នុងខែកក្កដា កន្លងទៅនេះ ខណៈការរង្គោះរង្គើមកពីពន្ធគយអន្តរជាតិរបស់លោកប្រធានាធីបតី Donald Trump បានចាប់ផ្តើមប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់អាមេរិក។

ទិន្នន័យសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ដែលវាស់វែងតម្លៃនៃកញ្ចប់ទំនិញ និងសេវាកម្ម បានបង្ហាញថា តម្លៃឥវ៉ាន់គឺខ្ពស់ជាងមុន ២,៧% កាលពីខែកក្កដា បើធៀបនឹងឆ្នាំមុន។ ទោះបីជាអតិផរណាបានធ្លាក់ចុះនៅនិទាឃរដូវក៏ដោយ ក៏អត្រាអតិផរណាប្រចាំឆ្នាំកើនឡើង ០,៤% ចាប់តាំងពីខែមេសាមក។
ទិន្នន័យបានលម្អិតថា តម្លៃសម្រាប់អាហារខ្ចប់ និងនៅក្នុងភោជនីយដ្ឋាន បានកើនឡើង ៣,៩% ធៀបនឹងឆ្នាំមុន ដោយជំរុញឱ្យតម្លៃអាហារសរុបកើនឡើង ២,៩% ចំណែកតម្លៃសម្រាប់រថយន្តប្រើរួច (មួយទឹក); លំនៅដ្ឋាន; និងការថែទាំវេជ្ជសាស្រ្ត ក៏បានកើនឡើងខ្ពស់ជាងអត្រាទាំងមូលដែរ។
ក្រៅពីនេះ តម្លៃថាមពលសរុប បានធ្លាក់ចុះ ១,៦% សម្រាប់ឆ្នាំនេះ ដែលប្រហែលជាកត្តាបង្កស្ថេរភាពនៃល្បឿនអតិផរណាទាំងមូល។ សេដ្ឋវិទូបាននិយាយរួចហើយថា គេត្រូវការពេលវេលាបន្តិចសម្រាប់ឱ្យពន្ធគយបង្ហាញឥទ្ធិពលលើតម្លៃទំនិញប្រើប្រាស់ ខណៈកញ្ចប់ពន្ធបដិការខ្ពស់ៗថ្មីទើបតែចូលជាធរមានត្រឹមថ្ងៃទី៧ ខែសីហា កន្លងទៅនេះប៉ុណ្ណោះ៕

