សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានច្រានចោលសំណើ «ក្របខណ្ឌគ្មានការបំភាយកាបោន» ដោយអង្គការដែនសមុទ្រអន្តរជាតិ (IMO) ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការដឹកជញ្ជូនពិភពលោក ដោយព្រមានថា ខ្លួននឹងសងសឹកប្រទេសនានាដែលគាំទ្រវិធានការនេះ។

សេចក្តីប្រកាស បានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេស លោក Marco Rubio រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកHoward Lutnick រដ្ឋមន្ត្រីថាមពលលោក Chris Wright និងរដ្ឋមន្ត្រីដឹកជញ្ជូនលោក Sean Duffy ធ្វើឡើងនៅមុនការបោះឆ្នោតខែតុលានៅទីភ្នាក់ងារដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិស្តីពីការអនុម័តផែនការនេះ។
វាក៏បង្ហាញពីការបន្តជំហរពាណិជ្ជកម្មដែលតតាំងរបស់រដ្ឋបាល លោក Trump ផងដែរ ដោយក្រុមមន្ត្រីបានធ្វើឲ្យមានភាពស្រដៀងគ្នាទៅនឹងចំណាត់ការដំឡើងពន្ធរបស់ខ្លួនដែលដាក់គោលដៅលើប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ព្រមទាំងការដកខ្លួនកាលពីពេលថ្មីៗនេះពីនិយ័តកម្មទាក់ទងនឹងអាកាសធាតុ។

សេចក្តីថ្លែងការណ៍បាននិយាយថា «រដ្ឋបាលលោក Trump បានជំទាស់ដាច់ខាតចំពោះសំណើនេះនៅចំពោះមុខអង្គការដែនសមុទ្រអន្តរជាតិ (IMO) ហើយនឹងមិនអត់ឱនចំពោះចំណាត់ការណាមួយដែលបង្កើនការចំណាយសម្រាប់ពលរដ្ឋរបស់យើង ក្រុមហ៊ុនផ្តល់ថាមពល ក្រុមហ៊ុនដឹកជញ្ជូន និងអតិថិជនឬអ្នកទេសចរ។
សហរដ្ឋអាមេរិក ដែលជារដ្ឋសមាជិកអង្គការដែនសមុទ្រអន្តរជាតិ(IMO)មួយក្នុងចំណោមរដ្ឋចំនួន១៧៦ បានដកខ្លួនចេញពីកិច្ចពិភាក្សាលើក្របខ័ណ្ឌគ្មានការបំភាយកាបោន កាលពីខែមេសា និងបានជំរុញឱ្យអ្នកផ្សេងទៀតនៅក្នុងអនុស្សរណៈ ពិចារណាឡើងវិញពីការគាំទ្រវិធានការនេះ។