តុលាការប្រទេសកាតេម៉ាឡាកាលពីថ្ងៃអង្គារ ទី១២ ខែសីហា បានកាត់ទោសមនុស្ស៦នាក់ឱ្យជាប់ពន្ធនាគារចន្លោះពី៦ទៅ២៥ឆ្នាំសម្រាប់តួនាទីរបស់ពួកគេជុំវិញអគ្គិភ័យកាលពីឆ្នាំ២០១៧ដែលបានបណ្តាលឲ្យក្មេងស្រី៤១នាក់ស្លាប់នៅទីជម្រកយុវជនគ្រប់គ្រងដោយរដ្ឋ។ ជនជាប់ចោទ រួមមានអតីតមន្ត្រីនគរបាលពីររូប និងអតីតមន្ត្រីការពារកុមារ៤រូប ដែលត្រូវបានកាត់ទោសពីបទមនុស្សឃាត ធ្វើបាបអនីតិជន រំលោភសិទ្ធិអំណាច និងបំពានកាតព្វកិច្ច។

ការកាត់ទោសនេះ បង្ហាញពីជំហានដ៏សំខាន់មួយនៅក្នុងសោកនាដកម្មជាតិ ដែលធ្វើឲ្យមានការថ្កោលទោសជាអន្តរជាតិ និងបង្ហាញពីការរំលោភបំពានជាប្រព័ន្ធនៅក្នុងទីជម្រករដ្ឋរបស់ប្រទេសកាតេម៉ាឡា។ គួរំលឹកថាអគ្គិភ័យបានឆាបឆេះកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះសុវត្ថិភាព Virgen de la Asuncion Safe Home ក្បែរទីក្រុងកាតេម៉ាឡា។ យោងតាមសក្ខីកម្មបានឲ្យដឹងថា ក្មេងស្រីចំនួន៥៦ នាក់ត្រូវបានចាក់សោនៅក្នុងបន្ទប់តូចមួយ ជាការដាក់ទណ្ឌកម្មសម្រាប់ការតវ៉ាប្រឆាំងនឹងការរំលោភបំពាននិងការប៉ុនប៉ងរត់គេចខ្លួន។
បន្ទាប់ពីនៅខាងក្នុងជាច្រើនម៉ោង ក្មេងស្រីម្នាក់បានដុតពូក ដោយសង្ឃឹមថានឹងបង្ខំឲ្យអ្នកយាមបើកទ្វារ។ សាក្សីបានផ្តល់សក្ខីកម្មថា ទោះបីជាក្មេងស្រីស្រែកយំឲ្យគេជួយក៏ដោយ ក៏នគរបាលបានចំណាយរយៈពេល ៩ នាទីដើម្បីដោះសោទ្វារ។ អគ្គិភ័យនៅទីបំផុតបានសម្លាប់ក្មេងស្រីចំនួន ៤១ នាក់ និងបានបន្សល់ទុកអ្នកនៅរស់រានមានជីវិត ១៥ នាក់មានរលាកធ្ងន់ធ្ងរ។
