ការវាយប្រហារចុងក្រោយបង្អស់នៅក្នុងតំបន់ El Faser នៃរដ្ឋ North Darfur និងអំពើហិង្សា នៅក្នុងតំបន់ Kordofan របស់ប្រទេសស៊ូដង់ បានធ្វើឲ្យអង្គការសហប្រជាជាតិ ព្រួយបារម្ភយ៉ាងខ្លាំង។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ ហ្គុយតឺរេស (Antonio Guterres) បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងតំបន់ El Fasher បានប៉ះពាល់ដល់ជំរំជនភៀសខ្លួន Abu Shouk។
លោក Dujarric បានអះអាងថា៖«ការវាយប្រហារនេះ ត្រូវបានសន្មតដោយប្រភពក្នុងស្រុកថា បានធ្វើឡើងដោយក្រុមយុទ្ធជនមកពីកងកម្លាំងគាំទ្ររហ័ស (RSF) ។ យ៉ាងហោចណាស់ជនស៊ីវិល ៤០នាក់ត្រូវបានសម្លាប់ នៅជំរំ Abu Shouk និង ១៩នាក់ផ្សេងទៀត បានរងរបួស»។

លោកបាននិយាយថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានរាយការណ៍ថា ផ្លូវចេញចូលពីទីក្រុងនេះ ត្រូវបានបិទ ដោយធ្វើឲ្យជនស៊ីវិលជាប់នៅក្នុងការឡោមព័ទ្ធ និងបណ្តាលឲ្យពួកគេគ្មានសុវត្ថិភាព និង ជំនួយ។ យ៉ាងហោចណាស់មនុស្ស ៥០០នាក់ បានភៀសខ្លួនចេញពីជំរំ Abu Shouk ទៅកាន់ទីតាំងផ្សេងទៀត នៅរដ្ឋ North Darfur។
អ្នកស្រុកបានរាយការណ៍ថា ការវាយប្រហារ បានចាប់ផ្តើម កាលពីព្រឹកថ្ងៃចន្ទ ដោយកងកម្លាំង RSF បាន បាញ់ផ្លោងយ៉ាងខ្លាំងក្លាទៅលើតំបន់ជាច្រើន ក្នុងនោះមានទីបញ្ជាការកងទ័ព និងជំរំ Abu Shouk មុនពេលការវាយប្រហារដោយថ្មើរជើង បានចាប់ផ្តើមពីភាគខាងកើត ភាគអាគ្នេយ៍ និងភាគខាងជើងរបស់ទីក្រុង El Fasher។
