ឆ្មាំល្បាតឆ្នេរ បានឲ្យដឹងថា មនុស្សយ៉ាងតិចម្នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត ត្រូវបានរាយការណ៍ថា បាត់ខ្លួន បន្ទាប់ពីទូកជិះកម្សាន្ត និងនាវាដឹកទំនិញ បានបុកគ្នានៅម្ដុំដែនទឹក នៅភាគខាងត្បូងប្រទេសជប៉ុន នាថ្ងៃពុធ (ទី១៣ ខែសីហា) នេះ។
បើយោងតាមមន្ត្រីឆ្មាំល្បាតឆ្នេរ ក្នុងតំបន់ បានឲ្យដឹងថា កាពីតែននាវាដឹកក្រួសទម្ងន់ ៤៩២តោន បានរាយការណ៍ទៅឆ្មាំល្បាតឆ្នេរជប៉ុនថា នាវារបស់ខ្លួនបានបុកជាមួយទូកជិះកម្សាន្ត នៅជិតកោះ Hoto ក្នុងតំបន់ Oita របស់ប្រទេសជប៉ុន។

បុរសម្នាក់ត្រូវបានប្រទះឃើញនៅក្បែរនោះ នៅវេលាម៉ោង ១០នាទីព្រឹក (ម៉ោងក្នុងស្រុក) ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីត្រូវបានគេរាយការណ៍ថា ត្រូវបានទាញចេញពីទឹកក្នុងសភាពសន្លប់ស្ដូកស្ដឹង។ មន្ត្រីឆ្មាំល្បាតឆ្នេរបានប្រាប់សារព័ត៌មានថា៖ «អ្នកដែលត្រូវបានរកឃើញនោះ គឺជាបុរសវ័យ ៧០ឆ្នាំ មកពីតំបន់ Oita។ បន្ទាប់មក រូបគាត់ត្រូវបានគេបញ្ជាក់ថា បានបាត់បង់ជីវិតហើយ»។
កាពីតែននាវាដឹកក្រួស បានប្រាប់ឆ្មាំល្បាតឆ្នេរថា មានមនុស្សជាច្រើននាក់នៅលើទូកកម្សាន្តនោះ។ ហើយមន្ត្រីបានបន្ថែមថា៖ «ផ្អែកលើការរៀបរាប់ប្រាប់នេះ យើងនៅតែបន្តស្វែងរកអ្នកបាត់ខ្លួន ដោយមាននាវាចំនួន ៦គ្រឿង និងយន្តហោះ ១គ្រឿង»៕
