អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានធ្វើការព្រមានអ៊ីស្រាអែល និងរុស្ស៊ីថា កងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងសន្តិសុខរបស់ពួកគេ អាចនឹងត្រូវចុះបញ្ជីនៅក្នុងចំណោមភាគីដែលសង្ស័យថា បានប្រព្រឹត្តអំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជម្លោះ ។
លោក Guterres បានសរសេរនៅក្នុងរបាយការណ៍ថា ការព្រមានកាលពីថ្ងៃអង្គារ បានកើតមានឡើង ក្រោយក្តីបារម្ភធំពាក់ព័ន្ធនឹងទម្រង់អំពើហិង្សាផ្លូវភេទ ដែលត្រូវបានចងក្រងជាឯកសារដោយ UN ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោកផ្តល់ជូនក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីអំពើហិង្សាផ្លូវភេទពាក់ព័ន្ធនឹងជម្លោះ លោក Guterres និយាយថា អ៊ីស្រាអែល និងរុស្ស៊ី អាចនឹងចុះបញ្ជីនៅឆ្នំាក្រោយ ក្នុងចំណោមភាគីដែលសង្ស័យថា បានប្រព្រឹត្ត ឬទទួលខុសត្រូវចំពោះទម្រង់នៃការចាប់រំលោភសេពសន្ថវៈ ឬទម្រង់នៃអំពើហិង្សាផ្លូវភេទ ។
នៅក្នុងការព្រមានរបស់លោកចំពោះអ៊ីស្រាអែល លោក Guterres និយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានដ៏គួរឲ្យទុកចិត្តពីការបំពានដោយកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែលលើជនប៉ាឡេស្ទីន នៅតាមពន្ធនាគារជាច្រើនកន្លែង មន្ទីរឃុំឃាំង និងមូលដ្ឋានយោធារបស់ពួកគេ ។
លោកសរសេរទៀតថា ករណីដែលត្រូវបានចងក្រងជាឯកសារដោយ UNបង្ហាញពីទម្រង់នៃអំពើហិង្សាផ្លូវភេទ និងការរំលោភបំពានយ៉ាងថោកទាបបំផុត ៕
