យោងតាមការអះអាងរបស់ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន និងប្រភពវេជ្ជសាស្រ្ត បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ២៤នាក់នៅទូទាំងតំបន់ហ្កាហ្សា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃពុធនេះ រួមទាំងកុមារ ៥នាក់ និងក្រុមអ្នកស្វែងរកជំនួយ ៥នាក់ផងដែរ ។

មជ្ឈមណ្ឌលចែកចាយជំនួយនៅតែជាអន្ទាក់មរណៈសម្រាប់ជនប៉ាឡេស្ទីន ប៉ុន្តែមនុស្សភាគច្រើននៅទីនេះ គ្មានជម្រើសផ្សេងនោះទេ ក្រៅពីស្វែងរកជំនួយសម្រាប់សមាជិកក្រុមគ្រួសាររបស់ពួកគេ ។
ក្មេងៗស្ថិតនៅក្នុងចំណោមជនប៉ាឡេស្ទីន ៧នាក់ ដែលត្រូវបានសម្លាប់នៅពេលព្រឹក ពេលដែលកងកម្លាំងអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើជំរំសំពត់តង់របស់គ្រួសារជម្លៀសខ្លួននៅភាគខាងត្បូងទីក្រុងហ្កាហ្សា ។
ការសម្លាប់រង្គាលនេះដែរ បានកើតមាន ក្រោយកាលពីថ្ងៃអង្គារ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu រំឭកឡើងវិញពីការអនុញ្ញាតឲ្យជនប៉ាឡេស្ទីន ចាកចេញពីតំបន់ហ្កាហ្សា ស្របពេលដែលយោធាត្រៀមខ្លួនបើកការវាយប្រហារទ្រង់ទ្រាយធំជាងមុននៅដែនដីមួយនេះ ៕
