សារព័ត៌មានក្នុងស្រុករាយការណ៍ថា អគ្គិភ័យដ៏ធំមួយនៅកំពង់ផែ Peruanito ស្ថិតក្នុងខេត្ត Atalaya តំបន់ Ucayali ប្រទេសប៉េរូ បានបំផ្លាញនាវាដឹកប្រេងឥន្ធនៈមួយគ្រឿង និងបណ្តាលឲ្យមនុស្ស ៣នាក់ រងរបួស ។
សាក្សីនិយាយថា អណ្តាតភ្លើងបានឆាបឆេះភ្លាមៗនៅលើនាវា និងបានរីករាលពេញនាវាតែម្តង ។
លោកអនុសេនីយ៍ទោ Adrian Farro មកពីកងពន្លត់អគ្គិភ័យខេត្ត Atalaya និយាយថា អគ្គិភ័យនេះ បានគំរាមកំហែងដល់នាវាដឹកប្រេងឥន្ធនៈនៅក្បែរនោះផងដែរ ប៉ុន្តែក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ អាចទប់ទល់បាន និងកាត់បន្ថយគ្រោះថ្នាក់ ។

ទោះបីជាយ៉ាងណាក៏ដោយ នាវាដឹកប្រេងតាមដងទន្លេនេះ បានដាច់រសាត់ ហើយកងទ័ពជើងទឹកបង្កើតផ្លូវសុវត្ថិភាពរហូតដល់វាកឿង ។
អ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពខេត្ត Atalaya ជាកន្លែងដែលជនរងគ្រោះធ្ងន់ធ្ងរបំផុត ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ ។
បច្ចុប្បន្ន ក្រុមអាជ្ញាធរកំពុងបើកការស៊ើបអង្កេតថាតើ អគ្គិភ័យនេះ កើតឡើងបណ្តាមកពីខូចម៉ាស៊ីន ហៀរប្រេង ឬការប្រើប្រាស់ខុសសម្ភារៈងាយឆេះឬយ៉ាងណា ៕
