គ្រោះរាំងស្ងួតរយៈពេលយូរ និងរលកកកម្តៅក្តៅខ្លាំង បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកភូមិ សត្វចិញ្ចឹម និងដំណាំតាមតំបន់ភ្នំស្ថិតនៅភាគអាគ្នេយ៍ប្រទេសស៊ែរប៊ី ក្នុងនោះសត្វពាហនៈចាប់ផ្តើមងាប់ជាបណ្តើរៗហើយ ។
កង្វះភ្លៀងធ្លាក់ចាប់តាំងពីខែឧសភារហូតមក បណ្តាលឲ្យជួបកង្វះទឹកប្រើប្រាស់ ភ្លើងឆេះព្រៃ និងបង្កផលរំខានដល់វិស័យកសិកម្មនៅទូទាំងតំបន់បាល់កង់ខាងលិច ដែលរួមមានប្រទេសម៉ុនតេណេហ្រ្គូ បូស្នី អាល់បានី កូសូវ៉ូ និងម៉ាសេដូនីខាងជើង ។
នៅតំបន់វាលស្មៅ Suva Planinaរបស់ប្រទេសស៊ែរប៊ី ម្ចាស់គោក្របី សេះ និយាយថា ទឹកត្រពាំង បឹងបួររីងស្ងួតលឿនក្នុងឆ្នាំនេះ ។
លោក Ljubisa Petkovic គឺជាអ្នកគង្វាលសេះ និងគោក្របីមួយរូបមកពីទីក្រុង Gadzin Han និយាយថា គ្មានទឹកមួយដំណក់នោះទេ សត្វពាហនៈចាប់ផ្តើមងាប់ជាបណ្តើរៗ ។
គោក្របី និងសេះប្រហែល ១ពាន់ក្បាល ព្យាយាមស្វែងរកទឹកផឹកនៅតាមត្រពាំង បឹងបួរ និងទឹកកខ្វក់តាមថ្លុកវាលស្រែ ។
សីតុណ្ហភាពកាលពីថ្ងៃអង្គារនៅប្រទេសស៊ែរប៊ី បានកើនឡើងដល់ ៣៥អង្សាសេ ហើយភ្លើងឆេះព្រៃជាច្រើនកន្លែងបានកើតមាន ។
កាលពីចុងខែកក្កដា ក្រោយពីទទួលបានការជូនដំណឹងអាសន្នពីម្ចាស់គោក្របី ក្រុមអាជ្ញាធរក្នុងស្រុក បានដឹកទឹកទៅបំពេញបឹងបួរនៅតំបន់វាលស្មៅ Suva Planina ហើយពួកគេបានសន្យាថានឹងដឹកទឹកបន្ថែមទៀត ។
លោក Nikola Manojlovic គឺជាអ្នកភូមិវ័យ ៣៥ឆ្នាំមួយរូប និយាយថា លោកសង្ឃឹមថា នឹងមានការផ្គត់ផ្គង់ទឹកបន្ថែមទៀត ហើយលោកព្រមានថា ភូមិនៅតាមជ្រលងភ្នំ បានរងគ្រោះផងដែរដោយសារគ្រោះរាំងស្ងួត ។
លោក Manojlovic និយាយថា ដំណាំពោតងាប់អស់ហើយ ពួកយើងគ្មានទឹកម៉ាស៊ីននៅក្នុងភូមិអស់រយៈពេល ៣ខែមកហើយ ហើយពួកយើងក៏គ្មានទឹកនោះដែរនៅទីនេះ ។
ក្រុមឧតុនិយម និយាយថា ស៊ែរប៊ី អាចនឹងមានភ្លៀងធ្លាក់ខ្លះនៅចុងខែនេះ ប៉ុន្តែវាមិនគ្រប់គ្រាន់ក្នុងការបំពេញទឹកតាមស្ទឹងតូចៗ បឹង និងព្រែកនោះទ ដែលត្រូវការឲ្យសត្វគោក្របីផឹក ៕

