ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធ (១៣ សីហា) ថា លោកបានប្រាប់ទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅមុនកិច្ចពិភាក្សារបស់លោកជាមួយប្រមុខវិមានក្រឹមឡាំង លោក Vladimir Putin ក្នុងសប្តាហ៍នេះថា មេដឹកនាំរុស្ស៊ីរូបនេះកំពុងតែ "និយាយបំផ្លៃ" ប៉ុណ្ណោះពីបំណងប្រាថ្នា និងការទាមទាររបស់ខ្លួនក្នុងការបញ្ចប់សង្រ្គាមអ៊ុយក្រែន។

សូមជម្រាមជូនថា លោក Trump និងលោក Putin នឹងជួបគ្នានៅរដ្ឋអាឡាស្កា នាថ្ងៃសុក្រសប្ដាហ៍នេះ ហើយអ៊ុយក្រែននិងសម្ព័ន្ធមិត្តបារម្ភថា មេដឹកនាំទាំងពីររូបនោះអាចព្យាយាមកំណត់លក្ខខណ្ឌនៃសន្តិភាពដែលមិនអំណោយផលសម្រាប់ទីក្រុងគីវ នៅក្នុងសង្រ្គាម ៣ឆ្នាំកន្លះមកនេះ។
ថ្លែងក្នុងសន្និសីទរួមមួយនៅទីក្រុងប៊ែរឡាំងជាមួយអធិការបតីអាល្លឺម៉ង់ លោក Zelenskiy បាននិយាយថា "រូបលោកបានប្រាប់ប្រធានាធិបតីអាមេរិក និងសហការីអឺរ៉ុបទាំងអស់របស់អ៊ុយក្រែនថា លោក Putin កំពុងនិយាយបំផ្លៃ បោកបញ្ឆោត"។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្តថា "លោក Putin កំពុងព្យាយាមដាក់សម្ពាធមុនពេលកិច្ចប្រជុំនៅអាឡាស្កា តាមគ្រប់ផ្នែកទាំងអស់នៃជួរមុខអ៊ុយក្រែន ហើយរុស្ស៊ី កំពុងព្យាយាមបង្ហាញថា ខ្លួនអាចកាន់កាប់អ៊ុយក្រែនទាំងមូល"។
លោក Zelenskiy — ដែលបានដាក់ក្ដីសង្ឃឹមថាប្រធានបទសំខាន់នៃកិច្ចចរចានៅអាឡាស្កានឹងក្លាយជាបទឈប់បាញ់ភ្លាមៗនោះ — បានបន្ថែមថា ការពិភាក្សាណាមួយទាក់ទងនឹងទឹកដី គួរតែធ្វើឡើងអំឡុងកិច្ចប្រជុំត្រីភាគីតែប៉ុណ្ណោះ។ ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីជំនួបអនឡាញជាមួយលោក Trump និងមេដឹកនាំអឺរ៉ុប ហើយក៏កើតឡើងនៅពេលកងកម្លាំងរុស្ស៊ី បង្កើនសម្ពាធលើសមរភូមិភាគខាងកើតអ៊ុយក្រែន ក្នុងបំណងបង្ខំទីក្រុងគីវ ឱ្យបោះបង់ទឹកដីដែលខ្លួនវាយដណ្ដើមទៅវិញបានដោយលំបាក៕

