ព្យុះត្រូពិក Podul បានធ្វើដំណើរទៅដល់ភាគខាងត្បូងប្រទេសចិន នាថ្ងៃព្រហស្បតិ៍ (១៤ សីហា) នេះ បន្ទាប់ពីបោកបក់ដល់ដីគោកនៅកោះតៃវ៉ាន់ ដោយបានទម្លាក់ទឹកភ្លៀងជាង ៧០មីលីម៉ែត្រ ក្នុងពេលមួយម៉ោងលើផ្នែកខ្លះនៃខេត្ត Guangdong, Hunan និង Jiangxi និងរំខានដល់មន្ទីរពេទ្យ និងតុលាការក្នុងទីក្រុងហុងកុង។

ហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ បានចេញការព្រមានពីអាកាសធាតុ "ពណ៌ខ្មៅ" កម្រិតខ្ពស់បំផុតរបស់ខ្លួន ចំណែកអាជ្ញាធរវេជ្ជសាស្រ្តប្រកាសថា គ្លីនិកទទួលអ្នកជំងឺពីខាងក្រៅ នៅទូទាំងទីក្រុងហុងកុង នឹងបិទរហូតដល់ការព្រមានពីព្យុះភ្លៀង "ពណ៌ខ្មៅ" នេះត្រូវដកចេញ ខណៈសេវាសង្គ្រោះបន្ទាន់នៅតែបើក។ សេវាប្រៃសណីយ៍ហុងកុងក៏ផ្អាកប្រតិបត្តិការដែរ ដោយសារភ្លៀងធ្លាក់ខ្លាំង។

ព្យុះ Podul នេះបានចុះខ្សោយពីកម្លាំងព្យុះទីហ្វុងទៅជាព្យុះត្រូពិក បន្ទាប់ពីបោកបក់ដល់ដីនៅកោះតៃវ៉ាន់កាលពីថ្ងៃពុធ ដែលមានល្បឿនខ្យល់បក់រហូតដល់ ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង បណ្តាលឱ្យមនុស្សម្នាក់បាត់ខ្លួន និងជាង ១៤០នាក់រងរបួស ប៉ុន្តែសំណល់ព្យុះដែលនៅសេសសល់របស់ Podul កំពុងបង្កការបំផ្លិចបំផ្លាញនៅភាគខាងត្បូងប្រទេសចិន ដែលមិនទាន់ងើបឡើងវិញស្រួលបួលផងពីភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងមួយជំនាន់កាលពីសប្តាហ៍មុន។
ព្យុះ Podul បានវាយបោកដល់ដីនៅលើឆ្នេរសមុទ្រនៃខេត្ត Fujian ភាគអាគ្នេយ៍របស់ចិន នៅម៉ោងក្នុងស្រុកពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃពុធ ហើយត្រូវបានព្យាករថា នឹងផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿនពី ៣០ ទៅ ៣៥គីឡូម៉ែត្រ ក្នុងមួយម៉ោង នេះបើយោងតាមអាជ្ញាធរអាកាសធាតុរបស់ចិន៕