ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ (១៤ សីហា) នេះ បានច្រានចោលរបាយការណ៍របស់យោធាកូរ៉េខាងត្បូងដែលថាទីក្រុងព្យុងយ៉ាងបានដកចេញឧបករណ៍បំពងសម្លេងឃោសនានៅតាមបណ្តោយព្រំដែន។

នៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ លោក Kim Yo Jong បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រតេសកូរ៉េខាងត្បូងក្នុងការបន្ធូរបន្ថយភាពតានតឹងគឺគ្មានប្រយោជន៍អ្វីឡើយ។ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា «យើងពុំដែលដកឧបករណ៍បំពងសំឡេងដែលត្រូវបានដំឡើងនៅតាមតំបន់ព្រំដែន និងពុំមានបំណងដកវាចេញនោះទេ»។ ចាប់តាំងពីការបោះឆ្នោតកាលពីខែមិថុនាមក ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្តេជ្ញាថានឹងស្វែងរកការបង្កើតទំនាក់ទំនងជាមួយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ និងបន្តការសន្ទនាដោយគ្មានបុរេលក្ខខណ្ឌ ដែលផ្ទុយពីអ្នកកាន់តំណែងមុនរបស់លោក។

ប្រទេសកូរ៉េខាងត្បូងបានកំពុងបង្កើតសំឡេងលាន់រំពង K-pop និងរបាយការណ៍ព័ត៌មាន ទៅកាន់កូរ៉េខាងជើង ក្នុងការឆ្លើយតបទៅនឹងទីក្រុងព្យុងយ៉ាងដែលបានបញ្ជូនសំលេងរំខានដ៏ចម្លែកនៅតាមព្រំដែន ដែលបានក្លាយជាការរំខានដ៏ខ្លាំងសម្រាប់អ្នកស្រុកកូរ៉េខាងត្បូង។ យោធាទីក្រុងសេអ៊ូល បាននិយាយកាលពីខែមិថុនាបន្ទាប់ពីការជាប់ឆ្នោតរបស់លោក Lee Jae Myung ថា ប្រទេសទាំងពីរបានបញ្ឈប់ការចាក់ផ្សាយឃោសនានៅតាមតំបន់គ្មានយោធា។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី៥ ខែសីហាថា ខ្លួនបានចាប់ផ្តើមដកឧបករណ៍បំពងសំឡេងចេញពីផ្នែកម្ខាងនៃព្រំដែនរបស់ខ្លួនថាជា «វិធានការជាក់ស្តែងមួយក្នុងគោលបំណងជួយបន្ធូរបន្ថយភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើង»។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Kim បានច្រានចោលកាយវិការបែបនេះ។