អ្នកគាំទ្រគណបក្សជឿនលឿនស៊ែរប៊ី (SNS) ដែលកំពុងកាន់អំណាច បានគប់ដុំភ្លើង និងផាវទៅកាន់បាតុករប្រឆាំងរដ្ឋាភិបាលនៅទីក្រុង Novi Sad កាលពីល្ងាចថ្ងៃពុធ ទី១៣ សីហា ដោយជំរុញឱ្យនគរបាលជួយធ្វើអន្តរាគមន៍ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា។

ការតវ៉ាជាច្រើនខែនៅទូទាំងប្រទេសស៊ែរប៊ីកើតឡើងបន្ទាប់ពីការស្លាប់មនុស្ស១៦នាក់ បានស្លាប់នៅពេលដែលដំបូលនៅស្ថានីយ៍រថភ្លើងត្រូវបានជួសជុលក្នុងទីក្រុង Novi Sad បានបាក់រលំ ដែលឧបទ្ទវហេតុនេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រធានាធិបតី លោក Aleksandar Vucic និងគណបក្ស SNS របស់លោក។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ivica Dacic បាននិយាយថា នគរបាលម្នាក់បានរងរបួសនៅក្នុងទីក្រុង Novi Sad ។ រូបភាពទូរទស្សន៍ N1 បានបង្ហាញពីដុំភ្លើង និងផាវត្រូវបានគប់ទៅលើក្រុមអ្នកតវ៉ាពីទិសដៅនៃការិយាល័យគណបក្សSNS។ ក្រោយមកនៅជិតអគារសភាក្នុងទីក្រុង Belgrade នគរបាលដែលមានឧបករណ៍ប្រឆាំងកុបកម្មបានរារាំងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដែលចូលទៅជិតតំបន់ដែលអ្នកគាំទ្ររបស់លោក Vucic បានបោះជំរំ ចាប់តាំងពីខែមីនា។
ក្រុមអ្នកតវ៉ា បានស្តីបន្ទោសអំពើពុករលួយចំពោះការបាក់រលំដំបូលស្ថានីយ៍រថភ្លើង Novi Sad ហើយបានទាមទារឱ្យមានការបោះឆ្នោតមុនពេលកំណត់ដែលពួកគេសង្ឃឹមថានឹងដក លោកVucic និងគណបក្សរបស់លោកចេញពីអំណាចបន្ទាប់ពីកាន់តំណែងរយៈពេល១៣ឆ្នាំ។