រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានប្រាប់ថា ទីក្រុងវ៉ាស៊ីនតោនទន្ទឹងរង់ចាំពិភាក្សាពីការមានកិច្ចសហប្រតិបត្តិការជាមួយប៉ាគីស្ថាន ពាក់ព័ន្ធនឹងសារធាតុរ៉ែសំខាន់ៗ និងអ៊ីដ្រូកាបូន ដោយការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេស នៅថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសប៉ាគីស្ថាន។
កាលពីខែមុន ទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្លាម៉ាបាដ បានសាទរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលប៉ាគីស្ថានបានបញ្ជាក់ថា នឹងធ្វើឲ្យអត្រាពន្ធធ្លាក់ទាប និងបង្កើនការវិនិយោគ។ រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន លោក Jam Kamal បាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ នឹងផ្តល់ឱកាសឲ្យក្រុមហ៊ុនអាមេរិកវិនិយោគលើគម្រោងរុករករ៉ែ ជាពិសេសនៅក្នុងខេត្ត Balochistan ភាគនិរតី តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ដោយផ្តល់សម្បទាននានា ដូចជាផ្ដល់ការអនុគ្រោះដល់ការជួលជាដើម។

ខេត្ត Balochistan នេះ គឺជាទីកន្លែងសម្រាប់គម្រោងរុករករ៉ែសំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំងគម្រោងនៅតំបន់ Reko Diq ដែលដំណើរការដោយក្រុមហ៊ុនរុករករ៉ែ Barrick Gold ហើយត្រូវបានគេជឿថា ទីនោះជាអណ្តូងរ៉ែមាស និងទង់ដែងដ៏ធំបំផុតមួយរបស់ពិភពលោក។
កាលពីយប់ថ្ងៃពុធ (ទី១៣ ខែសីហា) លោក Rubio បាននិយាយថា៖ «យើងទន្ទឹងរង់ចាំពិភាក្សាផ្នែកថ្មីនៃការមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងនោះរួមមានទាំងសារធាតុរ៉ែសំខាន់ៗ និងអ៊ីដ្រូកាបូនផងដែរ ក៏ដូចជាការជំរុញភាពជាដៃគូអាជីវកម្មប្រកបដោយថាមពល។ សហរដ្ឋអាមេរិក កោតសរសើរយ៉ាងខ្លាំង ចំពោះការចូលរួមរបស់ប៉ាគីស្ថាន ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងភេរវកម្ម និងលើផ្នែកពាណិជ្ជកម្ម»៕
