ក្រុមផ្តល់ជំនួយជាង១០០ បានចោទអ៊ីស្រាអែលថាបានរារាំងជំនួយសង្គ្រោះជីវិតមិនឲ្យចូលទៅក្នុងតំបន់ហ្កាហ្សា បណ្តាលឱ្យបរិមាណយ៉ាងច្រើននៃការផ្គត់ផ្គង់ជំនួយសង្គ្រោះដែលនៅសល់ បានជាប់គាំងក្នុងឃ្លាំងនៅទូទាំងប្រទេសហ្ស៊កដានី និងប្រទេសអេហ្ស៊ីប ខណៈពលរដ្ឋប៉ាឡេស្ទីនកាន់តែច្រើនអត់ឃ្លាន។

ក្រុមទាំងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា រថយន្តដឹកជំនួយ បានមកកកកុញនៅតាមព្រំដែនតំបន់ហ្កាហ្សាក្នុងពេលមានការបិទផ្លូវរបស់អ៊ីស្រាអែលនៅដែនដីដែលរងគ្រោះដោយទុរ្ភិក្ស ហើយវិធានការថ្មីកំពុងត្រូវបានប្រើប្រាស់ដោយអ៊ីស្រាអែល ដើម្បីបដិសេធការចូលមកនៃស្បៀងអាហារ ថ្នាំពេទ្យ ទឹក និងទីជម្រកបណ្តោះអាសន្ន។
ក្រុមទាំងនេះ និយាយថា «ទោះបីជាមានការអះអាងដោយអាជ្ញាធរអ៊ីស្រាអែលថា ពុំមានការកំណត់លើជំនួយមនុស្សធម៌ដែលចូលទៅក្នុងតំបន់ហ្កាហ្សាក៏ដោយ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិធំៗ មិនអាចដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ជំនួយសង្គ្រោះជីវិតសូម្បីតែមួយរថយន្ត ចាប់តាំងពីថ្ងៃទី២ ខែមីនាមក។
សេចក្តីថ្លែងការណ៍បានបន្តថា មន្ទីរពេទ្យនៅតំបន់ហ្កាហ្សាបច្ចុប្បន្ននេះ គ្មានការផ្គត់ផ្គង់មូលដ្ឋាន ហើយកុមារ មនុស្សចាស់ និងជនពិការកំពុង «ស្លាប់ដោយសារតែភាពអត់ឃ្លាន និងជំងឺដែលអាចទប់ស្កាត់បាន»។
