ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យដាក់បញ្ចូលទិវានយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកជាសាធារណៈនោះឡើយ។
ក្នុងសារចរណែនាំមួយសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជាមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ។
សម្ដេចតេជោ ហ៊ុន សែន ក៏សម្រេចណែនាំទៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន ឱ្យដាក់បញ្ចូលទិវាឈ្នះ ឈ្នះ ២៩ ធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំទៅគ្រប់ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជន ឱ្យអបអរសាទរទិវានយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ជាមួយការលើកស្លាកដែលសរសេរថា «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការណែនាំឱ្យដាក់បញ្ចូលទិវានយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំនេះ គឺដើម្បីដឹងគុណកតញ្ញូ និងចងចាំគុណូបការៈដ៏ថ្លៃថ្លានេះ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនៃទីស្ដីការក្រសួងការពារជាតិកាលថ្ងៃទី២៩ ខែធ្នូកន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការដាក់បញ្ចូលថ្ងៃទី២៩ ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំចាប់ពីឆ្នាំនេះតទៅ ប៉ុន្តែ សម្ដេចបញ្ជាក់ថា មិនមែនជាថ្ងៃឈប់សម្រាកសាធារណៈនោះឡើយ៕
