ស្របពេលដែលភ្លើងឆេះព្រៃបន្តឆាបឆេះនៅទូទាំងតំបន់អឺរ៉ុបខាងត្បូង អ្នកជំនាញរុក្ខា បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការត្រៀមខ្លួនល្អប្រសើរជាងនេះ ជាការប្រឈមនឹងភ្លើងឆេះព្រៃមិនអាចចៀសផុតនាពេលអនាគត ។
ភ្លើងឆេះព្រៃបង្កឡើងដោយសាររលកកម្តៅ និងខ្យល់បក់ខ្លាំង បន្តឆាបឆេះបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ កសិដ្ឋាន និងរោងចក្រ ក៏ដូចជាបង្ខំឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ពាន់នាក់ជម្លៀសខ្លួន ។

លោក Alexander Held គឺជាអ្នកជំនាញគ្រប់គ្រងព្រៃឈើនៅវិទ្យាស្ថានគ្រប់គ្រងរុក្ខាអឺរ៉ុប និយាយថា ពួកយើងដឹងថា ក្រោមស្ថានភាពអាកាសធាតុបច្ចុប្បន្ន ពួកយើងនឹងមានភ្លើងឆេះព្រៃ ហើយសំនួរសំខាន់ ថាតើពួកយើងគួរត្រៀមខ្លួនបែបណាចំពោះភ្លើងឆេះព្រៃទាំងអស់នេះ ។
លោក Held បានគូសបញ្ជាក់ពីសារសំខាន់នៃការគ្រប់គ្រងព្រៃឈើ ដើម្បីកាត់បន្ថយភ្លើងឆេះព្រៃ រួមទាំងការអនុវត្តវិធានការគ្រប់គ្រងព្រៃឈើ និងប្រព័ន្ធកសិផល ។
សូមបញ្ជាក់ថា ភ្លើងឆេះព្រៃ បានក្លាយជាការគំរាមកំហែងកើនឡើងនៅទូទាំងតំបន់អឺរ៉ុប ពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់ សំណើមទាប និងខ្យល់បក់ខ្លាំង ធ្វើឲ្យកើតមានភ្លើងឆេះព្រៃខ្លាំងក្លា និងញឹកញាប់ជាងមុន ៕
