ក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF) និយាយថា មនុស្សយ៉ាងហោច ៤០នាក់ បានស្លាប់ដោយសារជំងឺអាសន្នរោគនៅតំបន់ Darfur ប្រទេសស៊ូដង់ ស្របពេលកើតមានការរីករាលដាលឆ្លងដ៏អាក្រក់បំផុតនៅប្រទេសមួយនេះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
ក្រុមគ្រូពេទ្យ MSF និយាយនៅថ្ងៃព្រហស្បតិ៍នេះថា តំបន់ភាគខាងលិចស៊ូដង់ ដែលរងខ្ទេចខ្ទាំដោយសារសង្រ្គាមរយៈពេលជាង ២ឆ្នាំរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF)ប្រឈមនឹងការរីករាលដាលឆ្លងខ្លាំងនៃជំងឺអាសន្នរោគដែលបានផ្ទុះឡើងកាលពីរយៈពេល ១ឆ្នាំមុន ។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រៅពីឆ្លងកាត់សង្រ្គាមពេញបន្ទុក ប្រជាពលរដ្ឋនៅស៊ូដង់បច្ចុប្បន្នប្រឈមនឹងការរីករាលដាលឆ្លងជំងឺអាសន្នរោគដ៏អាក្រក់អាក្រក់បំផុត ដែលពុំធ្លាប់មើលឃើញក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ នៅតំបន់ Darfur ពួកគេបានព្យាបាលអ្នកជំងឺ ២.៣០០នាក់ ហើយមនុស្ស ៤០នាក់ បានស្លាប់ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ។
នៅទូទាំងប្រទេស ក្រុមអាជ្ញាធរសុខភាពស៊ូដង់ បានរាយការណ៍ករណីឆ្លង ៩៩.៧០០នាក់ និងករណីស្លាប់ ២.៤៧០នាក់ ដោយសារជំងឺអាសន្នរោគ ចាប់តាំងពីខែសីហា ឆ្នាំ ២០២៣រហូតមក ។
ការឆ្លងបាក់តេរីដែលចម្លងតាមរយៈទឹកកខ្វក់ និងអាហារមិនស្អាត អាចបណ្តាលឲ្យមានជំងឺអាសន្នរោគធ្ងន់ធ្ងរ ហើយវាអាចនឹងសម្លាប់មនុស្សបានក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បើសិនជាគ្មានការព្យាបាលទេនោះ ។
កាលពីថ្ងៃពុធម្សិលមិញ ក្រុមមន្រ្តីសុខភាពបានចាប់ផ្តើមកិច្ចខិតខំចាក់វ៉ាក់សាំងបង្ការជំងឺអាសន្នរោគរយៈពេល ១០ថ្ងៃ នៅក្នុងរដ្ឋធានី Khartoum ដើម្បីពន្យឺតការឆ្លងដែលទីភ្នាក់ងារជំនួយព្រមានថា ការរីករាលដាលឆ្លងយ៉ាងឆាប់រហ័ស កាន់តែធ្ងន់ធ្ងរខ្លាំងដោយសារសង្រ្គាម ការជម្លៀសខ្លួនទ្រង់ទ្រាយធំ និងភ្លៀងធ្លាក់ខ្លាំង ៕