ភ្នំពេញ៖ កម្ពុជាមិនមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩អស់រយៈពេលជាង ២សប្ដាហ៍មកហើយ ខណៈកម្ពុជាបន្តរកឃើញករណីឆ្លងមេរោគកូវីដ-១៩នៅក្នុងចំនួនតិចប៉ុណ្ណោះ។
កម្ពុជាបានកត់ត្រាករណីស្លាប់ដោយសារជំងឺកូវីដ-១៩លើកចុងក្រោយនៅថ្ងៃទី៤ ខែមករា ហើយគិតមកដល់ថ្ងៃនេះ ១៥ថ្ងៃហើយ ដែលកម្ពុជាពុំមានមនុស្សស្លាប់ដោយសារជំងឺនេះទៀត។
កម្ពុជាមានមនុស្ស ៣,០១៥នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ចាប់តាំងពីពេលដែលកម្ពុជាប្រកាសករណីស្លាប់លើកដំបូងនៅថ្ងៃទី១១ ខែមីនាឆ្នាំមុន។
បើធៀបនឹងតួលេខអ្នកឆ្លងជំងឺកូវីដ-១៩សរុបនៅទូទាំងប្រទេស កម្ពុជាមានអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩តែជាង ២.៤ភាគរយតែប៉ុណ្ណោះនៅអំឡុងវិបត្តិកូវីដ-១៩រយៈពេល ២ឆ្នាំកន្លងមកនេះ។
កម្ពុជាពុំមានករណីមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩បន្ថែមទៀតបែបនេះ ចំពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃ បានធ្លាក់ចុះទាបមកនៅចន្លោះ ១០ ទៅជាង ២០ករណីប៉ុណ្ណោះ ហើយភាគច្រើនជាករណីនាំចូលទៅទៀត។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្ស ១២០,៨៤៧នាក់ បានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសចាប់តាំងពីចុងខែមករា ឆ្នាំ២០២០មក ហើយអ្នកឆ្លងជំងឺកូវីដ-១៩ដល់ទៅ ១១៧,១២៩នាក់ ឬស្មើនឹងខ្ទង់ ៩៧ភាគរយ ត្រូវបានព្យាបាលជាសះស្បើយទាំងស្រុង៕