យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ឧក្រិដ្ឋកម្មសង្រ្គាម ទំនងជាត្រូវបានប្រព្រឹត្តដោយសមាជិកកងកម្លាំងរដ្ឋាភិបាលស្តី និងក្រុមសកម្មប្រយុទ្ធមានភក្តីភាពចំពោះលោកអតីតប្រធានាធិបតី Bashar al-Assad អំឡុងអំពើហិង្សានិកាយសាសនានៅតំបន់ឆ្នេរប្រទេសស៊ីរីកាលពីខែមីនាកន្លងទៅ ។
យោងតាមរបាយការណ៍ដែលបានបញ្ចេញនៅថ្ងៃព្រហស្បតិ៍នេះ ដោយគណៈកម្មការស៊ើបអង្កេតស៊ីរីរបស់ UN បានឲ្យដឹងថា មនុស្សប្រហែល ១.៤០០នាក់ដែលភាគច្រើនគឺជាជនស៊ីវិល ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់ អំឡុងអំពើហិង្សាដែលមានគោលដៅលើតំបន់សហគមន៍ជនជាតិភាគតិច Alawite ហើយសេចក្តីរាយការណ៍ពីការបំពាន នៅតែកើតមាន ។
លោក Paulo Sergio Pinheiro គឺជាប្រធានគណៈកម្មការស៊ើបអង្កេតស៊ីរី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទំហំ និងភាពឃោឃៅនៃអំពើហិង្សាត្រូវបានចងក្រងជាឯកសារនៅក្នុងរបាយការណ៍របស់ពួកយើង ពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់ ។
លោកបន្តថា ការធ្វើទារណកម្ម ការកាប់សម្លាប់ និងទង្វើអមនុស្សធម៌ពាក់ព័ន្ធនឹងការធ្វើបាបអ្នកស្លាប់ ត្រូវបានចងក្រងជាឯកសារដោយក្រុម UN ដោយផ្អែកលើការស្រាវជ្រាវរបស់ខ្លួន អំឡុងការធ្វើបទសម្ភាសន៍ជាមួយជនរងគ្រោះ និងសាក្សីចំនួនជាង ២០០នាក់ ។
ក្រុមអ្នកស៊ើបអង្កេត និយាយថា អំពើហិង្សារួមមានទាំងសកម្មភាពឧក្រិដ្ឋកម្មសង្រ្គាមផងដែរ ។
របាយការណ៍ បានរកឃើញថា មនុស្សប្រុសជនជាតិភាគតិច Alawite ត្រូវបានគេបំបែកចេញពីភរិយា និងកូនៗរបស់ពួកគេ ហើយនិងនំាយកទៅសម្លាប់ចោល ។ សាកសពរបស់ពួកគេរាយប៉ាយពាសពេញផ្លូវថ្នល់អស់រយៈពេលជាច្រើនថ្ងៃ ពេលដែលក្រុមគ្រួសារត្រូវបានរារាំងមិនឲ្យយកសាកសពទៅបញ្ចុះតាមប្រពៃណីសាសនា ខណៈដែលសាកសពមនុស្សជាច្រើនទៀត ត្រូវបានបញ្ចុះនៅក្នុងផ្នូរដ៏ធំមួយ ដោយគ្មានឯកសារត្រឹមត្រូវ ៕