វិមាននាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស Downing Street បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ សីហា) ថា លោកនាយករដ្ឋមន្រ្តី Keir Starmer និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ជឿជាក់ថាមានឱកាស «អាចសម្រេចបាន» នៃបទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែមេដឹកនាំរុស្ស៊ី លោក Vladimir Putin ត្រូវតែ "បង្ហាញឱ្យឃើញថា លោកពិតជាម៉ឺងម៉ាត់អំពីសន្តិភាពយ៉ាងពិតប្រាកដមែន"។

លោក Starmer បានបើកកិច្ចប្រជុំអាហារពេលព្រឹកជាមួយមេដឹកនាំអ៊ុយក្រែន Zelenskiy នៅមុនជំនួបកំពូលរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងសមភាគី Putin ក្នុងរដ្ឋអាឡាស្កា នាថ្ងៃសុក្រនេះ ដើម្បីពិភាក្សាពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោក Zelenskiy និងមេដឹកនាំអឺរ៉ុបផ្សេងទៀត ដែលមិនចូលរួមកិច្ចប្រជុំអាឡាស្កានេះ បានធ្វើជំនួបអនឡាញរួមគ្នាជាមួយលោក Trump កាលពីថ្ងៃពុធ ដើម្បីបញ្ជាក់ជំហររបស់ពួកគេឡើងវិញ។
បន្ទាប់ពីចាកចេញពីវិមាននាយករដ្ឋមន្រ្តីអង់គ្លេស លោក Zelenskiy បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយថ្លែងអំណរគុណចំពោះលោក Starmer សម្រាប់ការគាំទ្រ នៅក្នុង "ជំនួបដ៏ល្អ"។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យ Downing Street បាននិយាយថា មេដឹកនាំទាំងពីររូប «ទន្ទឹងរង់ចាំមើលកិច្ចពិភាក្សានៅថ្ងៃសុក្រនេះរវាងលោក Trump-Putin នៅអាឡាស្កា ដែលបង្ហាញពីឱកាសដែលអាចសម្រេចបានក្នុងការធ្វើឱ្យមានវឌ្ឍនភាព ដរាបណាលោក Putin ចាត់វិធានការដើម្បីបង្ហាញគ្រប់គ្នាថាលោកពិតជាម៉ឺងម៉ាត់ចំពោះសន្តិភាពយ៉ាងពិតប្រាកដមែន»៕

