មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ សីហា) ថា មនុស្សជាង៣៦០នាក់បានធ្លាក់ខ្លួនឈឺនៅទីក្រុង Sragen កោះជ្វាភាគកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់នៅសាលារៀន។ វាជាករណីពុលអាហារក្នុងទ្រង់ទ្រាយធំបំផុតដែលបានធ្វើឲ្យប៉ះពាល់ដល់កម្មវិធីអាហារឥតគិតថ្លៃរបស់ប្រធានាធិបតី លោក Prabowo Subianto។

ប្រមុខរដ្ឋាភិបាលទីក្រុង Sragen លោក Sigit Pamungkas បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្ស៣៦៥នាក់បានធ្លាក់ខ្លួនឈឺ ហើយសំណាកអាហារកំពុងត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍មួយកន្លែង។
រដ្ឋាភិបាល នឹងចេញថ្លៃព្យាបាល ក្នុងករណីចាំបាច់។ Wizdan Ridho Abimanyu សិស្សអាយុ១៤ ឆ្នាំម្នាក់នៅសាលាមធ្យមសិក្សា Gemolong 1 បានប្រាប់ Reuters ថា ខ្លួនបានភ្ញាក់នៅពេលយប់ដោយការឈឺចាប់យ៉ាងខ្លាំងនៅក្នុងពោះ ឈឺក្បាល និងរាគ ដែលបានសន្និដ្ឋានថា បណ្តាលមកពីការពុលអាហារ បន្ទាប់ពីបានឃើញការបង្ហោះតាមបណ្តាញសង្គមរបស់មិត្តរួមសាលារៀន ដែលត្អូញត្អែរដូចគ្នា។

សិស្សអាយុ១៣ ឆ្នាំម្នាក់ទៀតបាននិយាយថា នាងមានការឈឺចាប់នៅក្នុងពោះរបស់នាង។ អាហារថ្ងៃត្រង់ដែលទំនងជាធ្វើមិនស្អាត ចម្អិននៅផ្ទះបាយ ហើយបានចែកចាយនៅតាមសាលារៀន បានបង្កឲ្យមានករណីពុលអាហារ។
ប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិរបស់រដ្ឋាភិបាលដែលគ្រប់គ្រងកម្មវិធីនេះបានលើកឡើងពីស្តង់ដារនៃប្រតិបត្តិការនៅផ្ទះបាយ និងការចែកចាយបន្ទាប់ពីមានករណីពុលអាហារមុនៗ។ កម្មវិធីអាហារឥតគិតថ្លៃត្រូវបានពង្រីកយ៉ាងឆាប់រហ័សដល់អ្នកទទួលជាង១៥លាននាក់រហូតមកដល់ពេលនេះ។