បាតុកររាប់ពាន់នាក់ បានចេញតវ៉ានៅតាមដងផ្លូវពាសពេញប្រទេសស៊ែរប៊ី ដោយវាយបំផ្លាញបង្អួចទីស្នាក់ការកណ្តាលរបស់គណបក្សកាន់អំណាចនៅភាគខាងជើងទីក្រុង Novi Sad ជាកន្លែងដែលការបះបោរប្រឆាំងរដ្ឋាភិបាលរបស់ប្រទេសនេះ បានចាប់ផ្តើមជាង៩ខែមុនកន្លងទៅនេះ។

ក្រុមបាតុករ បានចេញធ្វើបាតុកម្មនៅយប់ថ្ងៃទីបីកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំៗ ដែលបានឃើញមនុស្សរាប់សិបនាក់ត្រូវបានឃុំខ្លួនឬរងរបួស ដោយទាមទារឱ្យប្រធានាធិបតីលោក Aleksandar Vucic អំពាវឲ្យមានការបោះឆ្នោតមុនកាលកំណត់។

នៅទីក្រុង Novi Sad ជាកន្លែងដែលដំបូលស្ថានីយ៍រថភ្លើងបានបាក់រលំកាលពីឆ្នាំមុន បណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់ និងបង្កើតឲ្យមានកំហឹងជាសាធារណៈជុំវិញការចោទប្រកាន់អំពើពុករលួយនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយក្រុមអ្នកតវ៉ាបានវាយប្រហារការិយាល័យរបស់គណបក្សស៊ែរប៊ីជឿនលឿន (SNS) ដែលកំពុងគ្រប់គ្រង និងនាំយកចេញគ្រឿងសង្ហារឹម និងឯកសារនានា ហើយលាបថ្នាំនៅច្រកចូល។
ពួកគេបានស្រែកដោយសំដៅទៅលើលោកប្រធានាធិបតី ខណៈបានរុះរើការិយាល័យទាំងនោះថា «លោកត្រូតែវបញ្ចប់»។ នគរបាល និងអ្នកគាំទ្ររបស់ លោក Vucic ដែលបានយាមការិយាល័យនៅក្នុងទីក្រុងធំទីពីររបស់ប្រទេសស៊ែរប៊ី រយៈពេលជាច្រើនខែមកនោះ មិនត្រូវបានគេមើលឃើញឡើយ។
នៅទីក្រុងបែលក្រាដ រដ្ឋធានីប្រទេសស៊ែប៊ី បាតុកររាប់រយនាក់និងអ្នកគាំទ្រ គណបក្សSNS បានគប់ដុំភ្លើង និងផាវដាក់គ្នាទៅវិញទៅមក នៅលើមហាវិថីធំមួយរបស់ទីក្រុង។ នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកយ៉ាងហោចណាស់ពីរទីតាំង ដើម្បីបំបែកក្រុមបាតុករ។