នគរបាលប្រទេសអេស្បាញ បាននិយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់នៅខេត្ត Zamora ភាគខាងជើងកាលពីថ្ងៃព្រហស្បតិ៍ពីបទចាប់ផ្តើមបង្កអគ្គិភ័យនៅទីតាំងដីមួយកន្លែងដែលត្រូវបានប្រើប្រាស់សម្រាប់ចាក់សំរាមដោយខុសច្បាប់។ ពួកគេនិយាយថា អាកាសធាតុក្តៅខ្លាំងបានបណ្តាលឱ្យភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស ដោយបានឆេះលើផ្ទៃដីចំនួន៤.០០០ហិកតា និងបណ្តាលឱ្យមនុស្សប្រាំនាក់រងរបួស។

នគរបាលនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសម្នាក់ទៀតត្រូវបានចាប់ខ្លួនពីបទបង្កឲ្យមានអគ្គិភ័យចំនួន៦កន្លែងកាលពីដើមខែសីហា នៅក្នុងខេត្ត Malaga ភាគខាងត្បូង។
នៅក្នុងខេត្ត Leon អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តទីពីរបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោកបាន រលាកលើដងខ្លួនរហូតដល់៨៥%បន្ទាប់ពីជាប់ខ្លួនជាមួយអ្នកស្ម័គ្រចិត្តម្នាក់ទៀតនៅជិតទីក្រុង Nogarejas ។ លោកគឺជាអ្នកស្លាប់ទី៧ ដែលជាប់ទាក់ទងនឹងចំហេះព្រៃនៅឆ្នាំនេះ។
នគរបាលដែលកំពុងស៊ើបអង្កេតមនុស្ស៣៨នាក់ទៀតពីបទបង្កចំហេះព្រៃដោយចេតនា បាននិយាយថា មនុស្ស ១០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី ១ ខែមិថុនា។ អ្នកលួចដុតព្រៃ ដែលត្រូវបានកាត់ទោសនៅក្នុងប្រទេសអេស្បាញ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំនិងពិន័យជាប្រាក់យ៉ាងច្រើន។