យោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រទៅលើក្រុមសេដ្ឋវិទូ បានឱ្យដឹងនៅថ្ងៃសុក្រ (១៥ សីហា) នេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ទំនងជាយឺតយ៉ាវខ្លាំងនៅក្នុងត្រីមាសទីពីរ នៃឆ្នាំ២០២៥នេះ ដោយសារការប្រើប្រាស់ពីក្រុមគ្រួសារទន់ខ្សោយខ្លាំង នាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ទោះបីជាការនាំចេញកើនឡើងក៏ដោយ។

ការស្ទង់មតិកាលពីថ្ងៃទី១២-១៥ ខែសីហា របស់សេដ្ឋវិទូចំនួន ២១រូប បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានប៉ាន់ប្រមាណថា ពង្រីកជាមធ្យម ២,៥% ធៀបនឹងឆ្នាំមុន ក្នុងត្រីមាសខែមេសា ដល់ខែមិថុនា ខណៈការប៉ាន់ប្រមាណជារួមមានចន្លោះពី ១,៦% ទៅ ២,៩%។ អត្រានេះគឺជាទិន្នន័យទន់ខ្សោយបាក់កម្លាំងយ៉ាងខ្លាំងពីតួលេខ ៣,១% ក្នុងត្រីមាសទីមួយ។

គំរូស្ទង់មតិបង្ហាញថា ផ្អែកលើការកែតម្រូវតាមរដូវកាល និងត្រីមាសលើត្រីមាស; ផលិតផលក្នុងស្រុកសរុប (GDP) នៃសេដ្ឋកិច្ចរបស់ថៃ ទំនងជាងើប ០,៣% ប៉ុណ្ណោះ ពោលគឺថយចុះខ្លាំងពីអត្រា ០,៧% នៅក្នុងត្រីមាសទីមួយ។
លោកស្រី Krystal Tan សេដ្ឋវិទូរបស់ធនាគារ ANZ បាននិយាយថា ទិន្នន័យបានបង្ហាញពីការងើបឡើងវិញបន្តិចនៃការវិនិយោគឯកជន ប៉ុន្តែប្រហែលជាត្រូវបានទាញទម្លាក់មកវិញដោយការថយចុះនៃការប្រើប្រាស់ឯកជនពីប្រជាជនក្នុងស្រុក ខណៈកំណើននៃការនាំចូលច្រើនប៉ះពាល់ការនាំចេញសុទ្ធ នាំឱ្យកំណើនសរុបតិចតួច៕