នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ចេញនូវលក្ខខណ្ឌសំខាន់ៗចំនួន ៥ សម្រាប់ការធានាសន្តិសុខ និងជ័យជម្នះរបស់រដ្ឋជ្វីហ្វ នៅតំបន់ហ្កាហ្សាស្ទ្រីប។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គោលការណ៍ទាំង ៥ នេះ នឹងធានាសន្តិសុខរបស់អ៊ីស្រាអែល។ នេះគឺជាអត្ថន័យនៃពាក្យ «ជ័យជម្នះ» ។ លោកបាននិយាយថា ក្នុងចំណោមកិច្ចការផ្សេងទៀត «ក្រុមហាម៉ាស នឹងត្រូវដកហូតអាវុធ» «ចំណាប់ថ្នូរទាំងអស់ នឹងត្រូវប្រគល់ត្រឡប់មកវិញ» និង «តំបន់ហ្កាហ្សាស្ទ្រីប នឹងត្រូវតែគ្មានយោធា»។ លោកបានបន្ថែមថា៖«នឹងមានការគ្រប់គ្រងសន្តិសុខរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប រួមទាំងការពារសុវត្ថិភាពផងដែរ ហើយ «នឹងមានរដ្ឋបាលស៊ីវិលជំនួសវិញ នៅក្នុងទឹកដីនេះ ដែលមិនមែនជាក្រុមហាម៉ាស ឬអាជ្ញាធរប៉ាឡេស្ទីន» ។
យោងតាមលោក ណេតាន់យ៉ាហ៊ូ នេះគឺជាអ្វីដែលអ៊ីស្រាអែល «កំពុងធ្វើការឆ្ពោះទៅរក ហើយគ្រប់គ្នាគួរតែរៀបចំកិច្ចការផ្ទៃក្នុង»។ លោកក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលរបស់លោក បានអនុម័តគោលការណ៍ទាំង ៥នេះ សម្រាប់ការបញ្ចប់សង្រ្គាម កាលពីសប្តាហ៍មុន។