លោក Tayseer Obaid គឺជាបុរសជនប៉ាឡេស្ទីនមួយរូប បានចងក្រងឯកសារដំណើរជីវិតរបស់លោកក្នុងការទទួលបានជំនួយដែលត្រូវបានទម្លាក់ពីលើអាកាសនៅជំរំ Deir Al-Balah តំបន់ហ្កាហ្សា ដោយសង្ឃឹមថា លោកនឹងមានសំណាងបានស្បៀងអាហារប្រើប្រាស់សម្រាប់គ្រួសាររបស់លោក ។
កាលពីថ្ងៃទី ៤ ខែសីហា លោក Obaid ទទួលបានសំពត់តង់មួយ និងនំបុ័ងមួយចំនួន ដោយរូបលោកបានថតជាវីដេអូបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមរបស់លោក ហើយលោកនិយាយថា នំបុ័ងពាក់កណ្តាលដែលលោកទទួលបាន ដុះផ្សិតអស់ទៅហើយ ។
លោក Obaid រស់នៅជាមួយភរិយា និងកូន ៨នាក់របស់ពួកគេ ក្នុងសំពត់តង់ស្ថិតក្នុងទីក្រុង Zawayda នៅភាគកណ្តាលតំបន់ហ្កាហ្សា ។ លោកធ្លាប់បម្រើការជាភ្នាក់ងារជួយសង្រ្គោះតាមសមុទ្រ មុនសង្រ្គាមផ្ទុះឡើង ប៉ុន្តែបច្ចុប្បន្នលោកគ្មានការងារធ្វើនោះទេ ។
បុរសវ័យ ៣៧ឆ្នាំរូបនេះ និយាយថា ពួកយើងនឹងល្អប្រសើរជាង បើវាជាជំនួយទម្លាក់ពីលើអាកាស និយាយតាមត្រង់ពួកយើងពុំមានជំនឿចិត្តថានឹងទទួលបានជំនួយនោះទេ ប៉ុន្តែពួកយើងត្រូវតែបង្ខំចិត្តធ្វើ ពីព្រោះថា បើសិនជាពួកយើងមិនព្យាយាមទេនោះ ពួកយើងនិងមិនអាចរស់រានបានឡើយ ។
លោក Obaid បានពន្យល់ថា សមាជិកគ្រួសារ និងសាច់ញាតិទាំងអស់ ទទួលបានអាហារមានដែនកំណត់ តាមដែលអាចធ្វើទៅបាន ។
ក្រសួងសុខាភិបាលហ្កាហ្សានិយាយថា មនុស្ស ៤នាក់បានដាច់ពោះស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារភាពអត់ឃ្លានចាប់តាំងពីសង្រ្គាមផ្ទុះឡើង កើនឡើងដល់ ២៣៩នាក់ ក្នុងនោះរួមទាំងកុមារ ១០៦នាក់ផងដែរ ៕