ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រ ទី១៥ ខែសីហាថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់១.៧៦០ត្រូវបានសម្លាប់ ខណៈកំពុងស្វែងរកជំនួយនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីចុងខែឧសភា ជាការកើនឡើងជាច្រើនរយនាក់ចាប់តាំងពីតួលេខបានចេញផ្សាយចុងក្រោយរបស់ខ្លួនកាលពីដើមខែសីហា។
«ចាប់តាំងពីថ្ងៃទី២៧ ឧសភា និងគិតត្រឹមថ្ងៃទី១៣ ខែសីហា យើងបានកត់ត្រាថាយ៉ាងហោចណាស់ ពលរដ្ឋប៉ាឡេស្ទីនចំនួន១.៧៦០នាក់ត្រូវបានសម្លាប់នៅពេលកំពុងស្វែងរកជំនួយ ដែល៩៩៤នាក់នៅតំបន់ជុំវិញមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF) និង៧៦៦នាក់នៅតាមផ្លូវនៃក្បួនរថយន្តដឹកជំនួយផ្គត់ផ្គង់។ ការិយាល័យរបស់ទីភ្នាក់ងារប្រចាំអាជ្ញាធរប៉ាឡេស្ទីនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការសម្លាប់ភាគច្រើនត្រូវបានប្រព្រឹត្តដោយយោធាអ៊ីស្រាអែល។
កាលពីថ្ងៃពុធសប្តាហ៍នេះ នាយសេនាធិការយោធាអ៊ីស្រាអែលបាននិយាយថា ផែនការជាច្រើនត្រូវបានអនុម័តសម្រាប់ការវាយលុកថ្មីនៅតំបន់ហ្កាហ្សាក្នុងគោលបំណងកម្ចាត់ក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំងដែលនៅសល់ទាំងអស់។
យោធាមានបំណងគ្រប់គ្រងទីក្រុងហ្កាហ្សា និងជំរំជនភៀសខ្លួននៅនៅក្បែរនោះ ដែលមួយចំនួនមានប្រជាជនច្រើនបំផុតនៃដែនដីដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមក្នុងរយៈពេលជាង២២ខែមកនេះ។ ផែនការរបស់រដ្ឋាភិបាលអ៊ីស្រាអែលក្នុងការពង្រីកសង្រ្គាម បានបង្កឱ្យមានការរិះគន់ខ្លាំងៗជាអន្តរជាតិ ក៏ដូចជាការប្រឆាំងនៅក្នុងស្រុក។ អ្នកជំនាញគាំទ្រដោយអង្គការសហប្រជាជាតិបានព្រមានអំពីទុរ្ភិក្សរាលដាលនៅក្នុងដែនដីនេះ ដែលអ៊ីស្រាអែលបានកាត់បន្ថយយ៉ាងខ្លាំងនូវចំនួនជំនួយមនុស្សធម៌ដែលខ្លួនអនុញ្ញាត។