ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃសុក្រថា ទឹកជំនន់ដ៏គំហុកបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមនុស្សជាង២៨០នាក់ស្លាប់នៅក្នុងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ហើយបានធ្វើឱ្យមនុស្សមួយចំនួនផ្សេងទៀតបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះបាននាំយកមនុស្សប្រហែល១.៦០០នាក់មកពីតំបន់ភ្នំពីរកន្លែងក្នុងប្រទេសជិតខាងទាំងពីទៅកាន់ទីសុវត្ថិភាព។ ទឹកជំនន់ បានចាប់ផ្តើមនៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា ហើយបានរាលដាលទៅភាគខាងជើង និងភាគពាយ័ព្យប្រទេសប៉ាគីស្ថាន បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងដ៏គំហុកនៅតំបន់តូចៗ។ ទឹកជំនន់ និងបំណាក់ដីជាបន្តបន្ទាប់បានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស បង្ខំឱ្យមានការជម្លៀសប្រជាជន និងជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ផ្សេងទៀត ជាពិសេសនៅក្នុងខេត្ត Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថាន។ ព្យុះភ្លៀងបែបនេះគឺជារឿងធម្មតាដែលកាន់តែខ្លាំងឡើងនៅក្នុងតំបន់ហិម៉ាឡៃរបស់ប្រទេសឥណ្ឌា និងតំបន់ភាគខាងជើងប្រទេសប៉ាគីស្ថាន ហើយអ្នកជំនាញបាននិយាយថាបម្រែបម្រួលអាកាសធាតុគឺជាកត្តារួមចំណែក។ មេដឹកនាំប្រទេសទាំងពីរ បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងធានាឱ្យពួកគេទទួលបានជំនួយសង្គ្រោះយ៉ាងឆាប់រហ័ស។ ក្រុមមន្ត្រីបាននិយាយថា អ្នកបាត់ខ្លួនជាច្រើនត្រូវបានគេជឿថាត្រូវបានទឹកហូរនាំ ហើយចំនួនអ្នកបាត់ខ្លួនអាចកើនឡើង។ ទឹកជំនន់ដ៏មហន្តរាយក៏បានបំផ្លាញផ្ទះបាយសហគមន៍ដ៏សំខាន់សម្រាប់អ្នកធ្វើធម្មយាត្រា ព្រមទាំងយានយន្តនិងម៉ូតូរាប់សិបគ្រឿង។ ក្រុមមន្ត្រីនិយាយថា អ្នកធ្វើធម្មយាត្រាជាង២០០នាក់បានស្ថិតនៅក្នុងផ្ទះបាយនៅពេលមានទឹកជំនន់ និងបានធ្វើឱ្យខូចខាតឬហូរនាំលំនៅឋានជាច្រើនខ្នងនៅតាមជើងភ្នំ។
មន្ត្រីថ្នាក់ជាតិ និងមូលដ្ឋានបាននិយាយកាលពីថ្ងៃសុក្រថា ភ្លៀងមូសុងដ៏ខ្លាំងបានបង្កឱ្យមានបំណាក់ដី និងទឹកជំនន់ដ៏គំហុកនៅទូទាំងភាគខាងជើងប្រទេសប៉ាគីស្ថាន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦៩នាក់ស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។