ឧត្ដរមានជ័យ៖ នៅថ្ងៃនេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញជូនដល់កុមារ និង យុវវ័យអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ដើម្បីទប់ទល់ទៅនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ប្រភេទ បំប្លែងថ្មី អូមីក្រុង ដែលបានឆ្លងចូលសហគមន៍កម្ពុជាហើយនោះ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងខេត្ត ក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវ័យ នៅថ្ងៃនេះ បានធ្វើការអំពាវនាវដល់អាណាព្យាបាល ឱ្យនាំកូនៗរបស់ខ្លួន ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំទាំងអស់ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១៨ ខែមករានេះទៅ តាមទីតាំងដែលធ្លាប់ បានទទួលការចាក់វ៉ាក់សាំងកន្លងមក នៅតាមក្រុង-ស្រុកទាំង៥ ដែលអាជ្ញាធរ បានរៀបចំតាមគោលការស្ម័គ្រចិត្ត ដើម្បីបង្កើនកងការពារខ្លួនទប់ទល់នឹងជំងឺកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី អូមីក្រុង។
ឯកឧត្តម បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ គឺនឹងអាចបង្កើនភាពស៊ាំបានច្រើនក្នុងសរីរាង្គ កាយ ដើម្បីបង្ការាករឆ្លងជំងឺកូវីដ-១៩បានច្រើន ឬប្រសិនបើឆ្លង ក៏មិនអាចមានបញ្ហាធ្ងន់ធ្ងរចំពោះសុខភាពនោះដែរ៕អត្ថបទ៖ ឃិន សារិទ្ធ