ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃសុក្រ (ទី១៥ ខែសីហា) បាននិយាយថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋ Alaska អាចជាចំណុចចាប់ផ្តើម សម្រាប់ដំណោះស្រាយជម្លោះអ៊ុយក្រែន និងការកែលម្អទំនាក់ទំនង រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន។
នៅឯសន្និសីទសារព័ត៌មានរួម ជាទីដែលមេដឹកនាំទាំង២ មិនទទួលការឆ្លើយសំណួរនោះ លោក Putin បានលើកឡើងថា៖ «ខ្ញុំរំពឹងថា កិច្ចព្រមព្រៀងថ្ងៃនេះនឹងក្លាយទៅជាចំណុចយោងមួយ មិនត្រឹមតែសម្រាប់ការដោះស្រាយបញ្ហាអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងចាប់ផ្តើមការស្តារឡើងវិញនូវទំនាក់ទំនងបែបធុរកិច្ច និងជាក់ស្តែង រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរ»។
លោកបានបន្ថែមថា សក្តានុពល គឺធំសម្បើម ដើម្បីឲ្យប្រទេសទាំង២ មានកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមានថាមពល បច្ចេកវិទ្យា ការរុករកអវកាស និងតំបន់អាក់ទិក ហើយបានបញ្ជាក់ថា លោកជឿជាក់ថា វឌ្ឍនភាពបែបនេះអាចជួយនាំសង្រ្គាមអ៊ុយក្រែនឈានដល់ទីបញ្ចប់ «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
តែយ៉ាងណាក្ដី មេដឹកនាំរបស់រុស្ស៊ីរូបនេះ មិនបានបញ្ជាក់ពីអ្វីដែលភាគីទាំង២ បានព្រមព្រៀងគ្នានោះឡើយ៕