ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ (ទី១៥ ខែសីហា) បានប្រាប់ឲ្យដឹងថា លោកមិនត្រូវការពិចារណាភ្លាមៗ អំពីការមានវិធានការពន្ធសងសឹកលើបណ្ដាប្រទេស ដូចជាចិនជាដើម ពាក់ព័ន្ធនឹងការទិញប្រេងពីរុស្ស៊ី ប៉ុន្តែប្រហែលជាត្រូវគិតគូរ «ក្នុងរយៈពេល ២ ឬ ៣សប្តាហ៍ខាងមុខ»។
លោក Trump បានគំរាមដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ និងទណ្ឌកម្មបន្ថែមលើប្រទេសដែលទិញប្រេងពីទីក្រុងនេះ ប្រសិនបើគ្មានវិធានការណាមួយ ត្រូវបានធ្វើឡើង ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេនោះ។ ប្រទេសចិន និងឥណ្ឌា គឺជាអ្នកទិញប្រេងធំជាងគេទាំង២ របស់រុស្ស៊ី។
កាលពីសប្តាហ៍មុន លោក Trump បានដាក់ពន្ធបន្ថែម ២៥ភាគរយលើទំនិញឥណ្ឌា ដោយលើកឡើងពីការបន្តនាំចូលប្រេងពីរុស្ស៊ី។ តែលោកប្រធានាធិបតីរូបនេះ មិនបានចាត់វិធានការស្រដៀងគ្នានេះ ចំពោះប្រទេសចិនឡើយ។
រូបលោកត្រូវបានសួរដោយលោក Sean Hannity របស់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា តើឥឡូវនេះលោកកំពុងពិចារណាពីវិធានការបែបនេះ ប្រឆាំងនឹងទីក្រុងប៉េកាំងដែរ ឬទេ បន្ទាប់ពីលោក និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយ ឬផ្អាកសង្គ្រាមរបស់ទីក្រុងមូស្គូ នៅប្រទេសអ៊ុយក្រែន។
បន្ទាប់ពីមានជំនួបជាមួយលោក Putin នៅរដ្ឋ Alaska លោក Trump បាននិយាយថា៖ «មែនហើយដោយសារតែអ្វីដែលបានកើតឡើងនៅថ្ងៃនេះ ខ្ញុំគិតថា ខ្ញុំមិនចាំបាច់គិតអំពីវាទេ។ ឥឡូវនេះ ខ្ញុំប្រហែលជាត្រូវគិត អំពីវាក្នុងរយៈពេល ២សប្តាហ៍ ឬ ៣សប្តាហ៍ខាងមុខ ឬអ្វីមួយ ប៉ុន្តែយើងមិនចាំបាច់គិតអំពីវា នៅពេលនេះទេ។ ខ្ញុំគិតថា អ្នកដឹងទេ ការប្រជុំបានដំណើរការយ៉ាងល្អ»៕